ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការបង្ក្រាបបទល្មើស៣ទីតាំង ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន បង្ក្រាបដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀននិងរឹបអូសបានគ្រឿងញៀនជិត៨គីឡូក្រាម។
ហេតុការណ៍បង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង០០និង២០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយកម្លាំងជំនាញ (ក៣)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន លោកឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារ៉ា នាយករងមន្ទីរ និងមានការចូលរូមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្រលសម្រួលដោយលោក ទី មុនិន្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការបង្រ្កាបនៅ៣គោលដៅផ្សេងគ្នាគឺ៖
គោលដៅទី១: នៅចំណុចផ្លូវលេខ២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះ ទូច កុងហ៊ាង និងគ្រឿងញៀនប្រមាណជាង៥គីឡូក្រាម។
គោលដៅទី២: នៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់និងថ្នាំញៀនប្រមាណជាង១គីឡូក្រាម។
គោលដៅទី៣: ឆែកឆេរបន្ទប់របស់ឈ្មោះ ទូច កុកហ៊ាង លេខ២១០៣ ជាន់ទី២១ សណ្ឋាគារ អអេន ហ្វេស ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសម្ភារកែច្នៃនិងថ្នាំញៀនមួយចំនួន។
លទ្ធផលសរុប:
ក-ឃាត់បានជនសង្ស័យ០២នាក់:
១-ឈ្មោះ ទូច កុកហ៊ាង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ហុង ស្រេង ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ។
ខ-សរុបវត្ថុតាងចាប់យកបាន:
-កេតាមីន(KETAMIN)ទម្ងន់សុទ្ធ២៩៦ក្រាម។
-អុិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ៧គីឡូក្រាមនិង៥១២.៦៩ក្រាម។
សរុប សារធាតុញៀន ៧ គ.ក្រ ៨០៨.៦៩ក្រាម។
សារធាតុគីមី ៣ គ.ក្រ ៣៦៥.២ក្រាម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕
ដោយ៖ ស សម