ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសបែកក្បាលបន្ទាប់ពីផឹកស៊ីជាមួយគ្នារហូតដល់ស្រវឹងនឹកឃើញរឿងចាស់មានទំនាស់ពាក្យសម្តីជាមួយជនសង្ស័យ២នាក់ឈានដល់ប្រើហិង្សាតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥៥នាទីរសៀលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២ នៅចំណុចភូមិជៀសឫស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នករងរបួសមានឈ្មោះមាស សាមិត អាយុ៣៥ឆ្នាំ មុខរបរកសិកររស់នៅភូមិជៀសឫស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
ចំណែកជនសង្ស័យមានឈ្មោះឆែ ផាន់នុង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាសុីណូនៅបាវិត មានទីលំនៅភូមិជាឫស្សី ឃុំកំពង់ចម្លងនិងឈ្មោះពុត សំអន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិជាឫស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះបានផឹកស្រាជាមួយនឹងជនសង្ស័យយ៉ាងសប្បាយរីករាយ។
ក្រោយមកស្រាប់តែបានទាស់សម្តីគ្នាទៅវិញទៅមកខណៈដែលកន្លងមកគេទាំង២នាក់ក៏ធ្លាប់មានទំនាស់ឈ្លោះគ្នាផងក៏ក្លាយជាហិង្សាដោយជនសង្ស័យបានដើរទៅយកកាំបិតបុ័ងតោនៅនឹងផ្ទះរបស់ខ្លួនមកកាប់ជនរងគ្រោះត្រូវចំក្បាលមួយកាំបិតផ្នែកខាងឆ្វេងបណ្តាលឱ្យមានរបួស។ បន្ទាប់មកជនសង្ស័យឈ្មោះពុត សំអន ក៏បានហូតខ្សែក្រវាត់ពីចង្កេះវាយជនរងគ្រោះត្រូវ២ទៅ៣ខ្សែក្រវាត់បន្ថែមទៀតទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ចំពោះជនសង្ស័យទាំង២នាក់ក្រោយពីប្រព្រឹត្តបទល្មើសរួចបានយកវត្ថុតាងទៅជាមួយរត់គេចខ្លួនបាត់ពីមូលដ្ឋានតែម្តង។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងកសាងសំណុំរឿងដើម្បីស្វែងរកឃាត់ខ្លួនជនសង្ស័យចាត់ការបន្តទៅតាមច្បាប់៕
ដោយ៖ សុថាន