ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលការិយាល័យគ្រប់គ្រងជនបរទេស បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២២ និងលើកទិសដៅបន្ដសម្រាប់ខែតុលា ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក អ៊ា ភក្តី នាយការិយាល័យគ្រប់គ្រងជនបរទេស លោកនាយរងការិយាល័យ, លោកនាយផ្នែក, លោកនាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនេះដែរ លោកស្នងការរង បានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ អំពីការងារចុះសម្រង់ស្ថិតិជនបរទេស ការងារត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស FPCS ការងារសហការអន្តរក្រសួងចុះអធិការកិច្ចពលករបរទេស និងការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ព្រមទាំងត្រូវតែយកចិត្តទុកដាក់ពង្រឹងវិន័យកងកម្លាំង ការងារប្រចាំបញ្ជា។ល។
ជាមួយគ្នានេះ នៅព្រឹកថ្ងៃដដែលនេះ លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី តំណាងលោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលដឹកនាំផែនការងារអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តសម្រាប់ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកនាយរងការិយាល័យ, លោកនាយផ្នែក, លោកនាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោកនាយការិយាល័យ បានណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ ពង្រឹងសមត្ថភាពមន្ត្រីលើកិច្ចការងារស្រាវជ្រាវបទល្មើសបរទេសដែលកើតឡើងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ យកចិត្តទុកដាក់លើការងារ ដែលថ្នាក់ដឹកនាំប្រគល់ជូន ជាពិសេសដោះស្រាយបណ្ដឹងស្នើសុំសង្គ្រោះរបស់ជនបរទេស ដែលបានប្តឹងមកសមត្ថកិច្ច តាមរយៈផេកថ្នាក់ដឹកនាំ ឬ Hotline របស់មណ្ឌលប្រចាំបញ្ជាអគ្គស្នងការដ្ឋាននគរបាលជាតិ ការងារចុះសម្រង់ស្ថិតិជនបរទេស ការងារគ្រប់គ្រងជនបរទេសតាមប្រព័ន្ធទិន្នន័យ (Fpcs) ត្រូវយកចិត្តទុកដាក់ពង្រឹងវិន័យកងកម្លាំង ការងារប្រចាំបញ្ជា ។ ល៕
ដោយ៖សហការី