ខេត្តស្វាយរៀង ៖ បុរសជាគ្រូបង្រៀនម្នាក់បានស្លាប់នៅនឹងកន្លែងគួរអោយសង្វេគបំផុត បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដែលបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងផ្អើលអ្នកភូមិទាំងថ្ងៃរសៀល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវ៣១៦A ក្នុងភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្ទ្រា។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះទន់ ភក្តី អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀនរស់នៅស្រុកចន្ទ្រា បើកម៉ូតូម៉ាកហុងដាសេ១២៥ សេ៊រីឆ្នាំ២០១៥ ពាក់ស្លាកលេខ សៀមរាប១O-៨៨៤៤ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តបង្គហេតុមានឈ្មោះ ផន ភារុន អាយុ៣០ឆ្នាំ មានទីលំនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បេីករថយន្តម៉ាកកាមរីបាឡែន ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២l-៦៣៥៨ ខូចខាតយ៉ាងដំណំ។
តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ សេ៊រីឆ្នាំ២០១៥ ពាក់ស្លាកលេខ សៀមរាប១O-៨៨៤៤លើផ្លូវ
លេខ៣១៦A ដោយធ្វើដំណើរពីកើតទៅលិច ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២l-៦៣៥៨ក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសគ្នាដោយបានបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយម៉ូតូពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចតែម្ដង។
ក្រោយមកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចបានវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រូសារយកទៅធ្វេីបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ សុថាន