សាធារណរដ្ឋកូរ៉េ ៖ នៅរដ្ឋធានីសេអ៊ូល នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ររួមជាមួយលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញប្រគេនផ្លិតយសព្រះរាជាគណៈថ្នាក់កិត្តិយស នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដល់ព្រះសង្ឃមួយអង្គ ព្រះនាម ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្ត្រ។
ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបណ្ឌិត អ៉ិត សំហេង បានអរព្រះគុណ ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្ត្រ ដែលបានបំពេញភារកិច្ចជាច្រើនកន្លងមក ក្នុងការជួយសម្របសម្រួលជាកន្លែងស្នាក់នៅ ផ្តល់អាហារហូបចុក និងផ្តល់ការប្រឹក្សាយោបល់ដល់បងប្អូនពលករដែលផ្លាស់ប្តូរការងារ ស្ត្រីរៀបការស្វាមីកូរ៉េ និស្សិត ក៏ដូចជាបងប្អូនខ្មែរយើងផ្សេងទៀត និងតែងតែជួយបកប្រែភាសាកូរ៉េ តាមការពឹងពាក់របស់ពួកគាត់នៅតាមមន្ទីរពេទ្យ ស្ថាប័នរដ្ឋ និងឯកជនរបស់កូរ៉េ រួមទាំងជួយស្វែងរកការងារឲ្យបងប្អូនយើងទៀតផង ដែលកាយវិការនេះ ពិតជាសាកសមនឹងទទួលបាន គោរម្យងារ ជាព្រះរាជាគណៈថ្នាក់កិត្តិយសពិតប្រាកដមែន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានអរព្រះគុណចំពោះសមានព្រះទ័យជឿជាក់ និងការខិតខំជួយសម្រួលការងារគ្រប់យ៉ាងដល់ក្រុមការងារនៅប្រទេសកូរ៉េ ក៏ដូចជាស្ថានទូតកម្ពុជា ដែលបានសម្រេចគោលដៅជាបន្តបន្ទាប់កន្លងមក។ លោកបណ្ឌិត មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្ត្រ ក្នុងការបំពេញការងារមនុស្សធម៌នៅសាធារណរដ្ឋកូរ៉េ និងជួយសម្រួលដល់ការងាររបស់ក្រុមការងារកូរ៉េ ដើម្បីសម្រេចបានគោលដៅប្រកបដោយផ្លែផ្កានៅពេលអនាគត។
ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្ត្រ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានថេរដីកាចំណាប់អារម្មរណ៍ ពីការប្តេជ្ញាព្រះទ័យក្នុងការបន្តសហការជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជា និងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួយផ្តល់ការប្រឹក្សាយោបល់ កន្លែងស្នាក់នៅ អាហារ បកប្រែភាសាដល់បងប្អូនពលករខ្មែរ ស្ត្រីរៀបការស្វាមីកូរ៉េ និស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ។
ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភ័ក្ត្រ បានថ្លែងអំណរគុណចំពោះ លោកបណ្ឌិត អ៉ិត សំហេង ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាទ្វិបអាស៊ីខាងកើត និងអាគ្នេយ៍ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមការងារកូរ៉េ ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ដល់ការបដិបត្តិ គោរពព្រះពុទ្ធសាសនា របស់បងប្អូនខ្មែរយើងជាពលករ ពលការិនី ស្ត្រីរៀបការនិងកូនៗ ព្រមទាំងនិស្សិត នៅទូទាំងប្រទេសកូរ៉េ៕
ដោយ ៖ សហការី