ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី៣ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ ប៉ុន្តែមិនអាចគ្រប់គ្រងបានឡើយ រហូតដល់កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ដើម្បីកុំឲ្យឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដទៃផ្សេងទៀត។ ក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោងវេលាម៉ោង១១ ថ្ងៃត្រង់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣១៨ កែងនឹងផ្លូវលេខ១៧៣ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថានៅមុនពេលកើតហេតុគឺមានផ្សែងខ្មៅហុយចេញពីជាន់ទី៣នៃផ្ទះកើតហេតុហើយបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតនោះក៏បានយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបានឡើយដោយទំហំនូវការឆាបឆេះនេះលឿន ហើយភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងជាមួយនឹងកម្លាំងនគរបាលជំនាញនៃការិយាល័យបង្ការ សង្គ្រោះនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញរថយន្តជាច្រើនគ្រឿងមកដល់ទីតាំងកើតហេតុដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលនៃការិយាល័យបង្ការ ពន្លត់និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តគ្រប់គោលដៅដែលនៅក្បែរទីតាំងកើតហេតុដើម្បីចេញជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលា។ក៏ប៉ុន្តែដោយទីតាំងកើតហេតុស្ថិតនៅទីទួលខ្ពស់គឺនៅជាន់ទី៣នៃសំណង់ផ្ទះធ្វើឱ្យកម្លាំងជំនាញលំបាកក្នុងការអូសទុយយោបាញ់ទឹក។
តែទោះជាយ៉ាងណាកម្លាំងសមត្ថកិច្ចជំនាញបានព្យាយាមឡើងទៅដល់ជាន់លើនិងបាញ់ទឹកពន្លត់ឱ្យបានទាន់ពេលវេលាជៀសវាងរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលនៅជិតខាងក្បែរនោះបានថែមទៀត។
ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿងទើបអគ្គិភ័យបានរលត់ជាស្ថាពរ។
នៅទំហំនៃការខូចខាតគឺសំណង់ប្រភេទបេតុងប្រក់ស័ង្កសីទំហំ ៨ ម៉ែត្រគុណនឹង១៨ម៉ែត្រ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃគឺបានឆាបឆេះអស់ទាំងស្រុង។ ចំពោះមូលហេតុសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ ៖ រ៉ារ៉ា