ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង កោះប្រជុំ គណៈ បញ្ជាការឯកភាពរដ្ឋបាលរាជធានី ជាបន្ទាន់ រឿងបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់ ពីពេលយប់ថ្ងៃ១៧ កញ្ញានេះទៅ

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ  នៅរសៀលថ្ងៃទី១៧ កញ្ញា ២០២២ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ជាបន្ទាន់មួយ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពបំផុតទៅលើការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទឱ្យអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។

      កិច្ចប្រជុំនេះមានការចូលរួមពី លោកស្នងការ លោក មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ ប្រធានផ្សារផងដែរ ក្នុងគោលបំណងបង្ក្រាបស្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាមួយចាត់វិធានការចំពោះកុងស៊ីបញ្ចាំខុសច្បាប់នានានៅក្នុងមូលដ្ឋានផងដែរ ពោលគឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតចាប់ពីយប់នេះតទៅ។

   លោកឃួង ស្រេង បានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជារួច ហើយកាលពីព្រឹកថ្ងៃ១៧កញ្ញានេះ ដោយឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការព្រមានដកតំណែងផងដែរ ។ លោកបន្តថា ក្រោយកិច្ចប្រជុំនេះបញ្ចប់ទៅ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយព្រះរាជអាជ្ញារងដែលមាននៅតាមបណ្តាខណ្ឌ ចុះបង្ល្រាបភ្លាមៗ ដោយត្រូវអនុវត្តចាប់ពីយប់នេះតទៅ។

   លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះកុងស៊ីបញ្ចាំខុសច្បាប់ក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយនេះជាដើមចមបង្កឱ្យមានបទល្មើស លួចឆក់ប្លន់ ។ ការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនិងកុងស៊ីបញ្ចាំខុសច្បាប់ត្រូវតែធ្វើឡើងឱ្យដូចភ្លៀងរលឹម។ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិចាំតែជួយអន្តរាគមន៍នៅពេលដែលយើង អនុវត្តមិនបានចំពោះទីតាំងអាងខ្នងបង្អែក តែបើថ្នាក់ជាតិចុះទៅបង្ក្រាបនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លួនឯងមិនបានបង្ក្រាបឬមិនបានដឹងនោះនឹងប្រឈមទៅនឹងការដកតំណែងហើយ ។

   គួររំលឹកថា៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញម្តងៗ លោកតែងបានបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ បង្ក្រាប់ល្បែងស៊ីសងគ្រប់ប្រភេទឱ្យអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ប៉ុន្តែការងារនេះ ក៏នៅតែសេស សល់ ដែលតម្រូវឱ្យកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ បន្តបង្ក្រាបឱ្យបានដូចភ្លៀងរលឹម។

     សូមបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ ចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ជាមួយនោះសម្តេតេជោ នូវបានព្រមានដកតំណែង អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវ លើតួនាទីបណ្តោយឱ្យល្បែងស៉ីសង រីកសាយភាយ​ ក្នុងមូលដ្ឋានរបស់ខ្លួនថែមទៀតផង៕

ដោយ៖ សំរិត


ចែករំលែក៖