ខេត្តបាត់ដំបង ៖ បុរសម្នាក់ផឹកស៊ីមិនឲ្យលុយថែមទាំងបើករថយន្ដបំបុកម៉ូតូជាច្រើនគ្រឿងនៅមុខហាង រួចគេច ខ្លួនបាត់ ហើយយ៉ាងហោចណាស់ក៏មានម៉ូតូចំនួន៥ គ្រឿងរងការខូចខាត និងមនុស្សម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណ:ដែលមានរថយន្តមួយគ្រឿង ដែលម្ចាស់វាចេញពីកន្លែងផឹកសុីមានទំនាស់និងមិនបានឱ្យលុយក្នុងការផឹកសុីផង បានបើករថយន្ដបំបុកម៉ូតូទាំងអស់នោះហើយបើករត់គេចតែម្តង ។
ករណីបង្កគ្រោះថ្នាក់ចរាចរណ៍ដោយចេតនានេះបានកើត ឡើងនៅវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដែលបង្កឡេីងដោយរថយន្តម៉ាកTundra មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AK-4260 បានបុករះម៉ូតូជាច្រើនគ្រឿងនៅផ្លូវមាត់ស្ទឹងសង្កែ ចុងស្ពានថ្មថ្មីត្រើយខាងកើត ខាងមុខហាងលក់ស្រាក្រឡុក ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមការអះអាងពីម្ចាស់ហាងបានបញ្ជាក់ថា ម្ចាស់រថយន្តខាងលើ បានចូលទៅផឹកស៊ីនៅកន្លែងគាត់ ហើយមិនបានឱ្យលុយ។ ម្ចាស់ហាងបាននិយាយថាមុនចាកចេញគាត់ក៏បានទារលុយ តែម្ចាស់ឡានក៏បេីកឡានបំបុកម៉ូតូដែលចតនៅមុខហាងគាត់ រួចបេីករត់គេចភ្លាមៗតែម្តង បណ្តាលឱ្យខូចខាតម៉ូតូជាច្រេីនគ្រឿង និងមនុស្សម្នាក់ទៀតរងរបួសធ្ងន់ផងដែរ ។
ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានចុះមកវាស់វែងរួចក៏យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រីឯជនរងគ្រោះម្នាក់ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
លោក ចាន់ សុធី នាយការិយាល័យចរាចរផ្លូវគោក បានបញ្ជាក់ប្រាប់អ្នកកាសែតនៅព្រឹកថ្ងៃទី១៩ កញ្ញា នេះថា លោកកំពុងដាក់កម្លាំងស្រាវជ្រាវទៅតាមស្លាកលេខរថយន្តនោះហើយ ដើម្បីកោះហៅអ្នកបើកបរឱ្យចូលខ្លួនមកសាកសួរ ។ ដោយឡែកសម្រាប់ម៉ូតូសរុបចំនួន៥ គ្រឿង ដែលរងការខូចខាត គឺកម្លាំងរបស់លោកនាំយកមកកាន់ការិយាល័យតែ២គ្រឿងប៉ុណ្ណោះ ដែលខូចខាតខ្លាំងចំណែកជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យ ៕
ដោយ៖ សូរិយា