ព័ត៌មានទាន់ហេតុការណ៍៖

ថាមពល កកើតឡើងវិញការសិក្សា៖ ការប្តូរទៅប្រើថាមពល កកើតឡើងវិញ អាចជួយសន្សំថវិកាបានរាប់ពាន់លានដុល្លារ

ចែករំលែក៖

អន្តរជាតិ៖​ បើតាមការសិក្សាមួយរបស់សាកលវិទ្យាល័យ Oxford នៃប្រទេសអង់គ្លេស បានឱ្យដឹងថា​ ការប្តូរពី ឥន្ធនៈហ្វូស៊ីល ទៅជាថាមពលកកើតឡើងវិញ អាចជួយពិភពលោក ឲ្យសន្សំសំចៃ ថវិកា បាន រហូត ដល់ ១២ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០៥០ ខាងមុខ។

របាយការណ៍ខាងលើនេះ បាននិយាយថា វាខុស និងទុទិដ្ឋិនិយម ក្នុងការអះអាងដែលថា ការផ្លាស់ប្តូរយ៉ាងលឿនឆ្ពោះទៅរកប្រភពថាមពលស្អាតស្អំ គឺមានតម្លៃថ្លៃ ។ តម្លៃ ឧស្ម័ន បាន កើន ឡើង ដោយ ហេតុតែមាន ការ ព្រួយ បារម្ភ ជាច្រើនអំពី ការ ផ្គត់ផ្គង់ ថាមពល។​ ប៉ុន្តែក្រុមអ្នក ស្រាវជ្រាវ និយាយ ថា ការងាកទៅប្រើថាមពល បៃតង ឥឡូវនេះ គឺជារឿងត្រឹមត្រូវសម្រាប់ សេដ្ឋកិច្ច ពីព្រោះ តម្លៃនៃថាមពល កកើតឡើងវិញ មិនថ្លៃដូចគេគិតពីមុននោះទេ ។ 

លោកសាស្ត្រាចារ្យ Doyne Farmer នៃវិទ្យាស្ថានសម្រាប់ការគិតពី សេដ្ឋកិច្ចថ្មីនៅសាលា Oxford Martin បានប្រាប់សារព័ត៌មាន BBC ថា៖​ ទោះបីជាគេ មិនមែនជាអ្នក ដែលជឿលើបញ្ហាអាកាសធាតុ ក៏ដោយ ក៏គេ គួរតែ ជឿនូវអ្វី ដែលអ្នកជំនាញ កំពុងតស៊ូមតិ ។ «ការសន្និដ្ឋានរបស់យើងគឺថា យើងគួរតែឆ្ពោះទៅមុខយ៉ាងពេញដៃពេញជើង ជាមួយនឹងការផ្លាស់ប្តូរទៅ អនុវត្តថាមពលបៃតង ព្រោះវានឹងជួយសន្សំប្រាក់កាស របស់យើង »។

គួរជ្រាបថា ការរកឃើញរបស់របាយការណ៍ Oxford គឺផ្អែកលើការមើលទិន្នន័យ តម្លៃជាប្រវត្តិសាស្ត្រសម្រាប់ ឥន្ធនៈហ្វូស៊ីល និងថាមពលកកើតឡើងវិញ ហើយបន្ទាប់មកធ្វើគំរូពីរបៀបដែលវា អាចនឹងផ្លាស់ប្តូរក្នុងពេលអនាគត ។ ទិន្នន័យ សម្រាប់ ឥន្ធនៈ ហ្វូស៊ីល រាប់ពីឆ្នាំ ២០២០ ទៅជាង ១០០ ឆ្នាំមុន បង្ហាញ ថា បន្ទាប់ ពី ការ គណនា អតិផរណា និង ការ ប្រែប្រួល ទីផ្សារ តម្លៃ របស់វាមិន បាន ប្រែប្រួល ច្រើន នោះទេ ។

ថាមពលកកើតឡើងវិញ បានលេចវត្តមានរយៈពេល ២-៣ទសវត្សរ៍ប៉ុណ្ណោះ ដូច្នេះមានទិន្នន័យតិចជាង ។ ក៏ប៉ុន្តែ នៅពេលមានការកែលម្អជាបន្តបន្ទាប់នៃបច្ចេកវិទ្យា នោះមានន័យថា ការចំណាយលើថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ បានធ្លាក់ចុះយ៉ាងឆាប់រហ័ស ក្នុងអត្រាជិត ១០% ក្នុងមួយឆ្នាំ ។

ការរំពឹងទុករបស់របាយការណ៍ ដែលថាតម្លៃនៃថាមពលកកើតឡើងវិញ នឹងបន្តធ្លាក់ចុះគឺដោយផ្អែកលើគំរូ «ប្រូបាប៊ីលីក» (probabilistic) ដោយប្រើទិន្នន័យអំពីរបៀបដែលការវិនិយោគធំ និងសេដ្ឋកិច្ចនៃមាត្រដ្ឋាន បានធ្វើឲ្យបច្ចេកវិទ្យាស្រដៀងគ្នាផ្សេងទៀត មានតម្លៃថោកជាង ។

លោក បណ្ឌិត Rupert Way អ្នកដឹកនាំធ្វើរបាយការណ៍​ បានមានប្រសាសន៍ថា​៖​ «ការស្រាវជ្រាវចុងក្រោយបំផុតរបស់យើង បង្ហាញថា ការពង្រីកបច្ចេកវិទ្យាបៃតងសំខាន់ៗ នឹងបន្តជួយកាត់បន្ថយការចំណាយ ហើយនៅពេលយើងអនុវត្តវាកាន់តែលឿន យើងនឹងសន្សំសំចៃបានកាន់តែច្រើន» ។

ខ្យល់ និងពន្លឺព្រះអាទិត្យ គឺជាជម្រើសធូរថ្លៃបំផុត សម្រាប់គម្រោងថាមពលថ្មី ប៉ុន្តែសំណួរនៅតែមានអំពីរបៀបរក្សាទុកដាក់ ថាមពលឲ្យល្អបំផុត និងធ្វើឲ្យមានតុល្យភាព បណ្តាញអគ្គិសនី នៅពេលដែលការផ្លាស់ប្តូរអាកាសធាតុ នាំឲ្យធ្លាក់ចុះនូវទិន្នផលថាមពលកកើតឡើងវិញ៕

ប្រភព​ និងរូបភាព​៖BBC


ចែករំលែក៖