ព័ត៌មានទាន់ហេតុការណ៍៖

ខាត់ សុឃីម ធ្វើឱ្យខ្មែរមានមោទនភាព បង្ហាញឈុតប្រពៃណី នៅកណ្តាលទីក្រុងញូវយ៉ក

ចែករំលែក៖

សហរដ្ឋអាមេរិក៖ តារាពហុជំនាញ អ្នកនាងខាត់ សុឃីម បានបង្ហាញវត្តមានក្នុងដំណើរកម្សាន្ត និងលេចមុខច្រៀងរាំនៅភោជនីយដ្ឋានមួយចំនួនក្នុងតំបន់ដែលមានពលរដ្ឋខ្មែររស់នៅ។ ក្រៅពីលេចមុខក្នុងការច្រៀងរាំនាឱកាសនេះដែរនាងទទួលបានការគាំទ្រ ស្វាគមន៍យ៉ាងច្រើនពីពលរដ្ឋខ្មែរ និងការរាំលេងយ៉ាងសប្បាយរីករាយជាមួយចង្វាក់ប្រជាប្រិយខ្មែរ ។ 

កាន់តែធ្វើឲ្យប្រជាជនខ្មែរមានការរំភើបរីករាយនឹងដំណើរកម្សាន្តរបស់នាងលើកនេះគឺជាការបង្ហាញមោទកភាពសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបតាមរយៈការនាំយកនូវទម្រង់សម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមួយនឹងប្អូនស្រីបណ្តូលចិត្តខាត់ ស្រីវង ស្លៀកបង្ហាញក្រុមមនុស្សយ៉ាងច្រើនកុះករគឺនៅតំបន់ពាណិជ្ជកម្មមួយនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ អ្នកនាងបានលើកឡើងថាគឺជាមោទនភាពដែលអ្នកនាងអាចនាំប្អូនស្រី ស្លៀកឈុតប្រណីតបុរាណទាំងនេះ ហើយបើមានឱកាសលើកក្រោយនាងនិងក្រុមគ្រួសារទាំងមូលនឹងអាចបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ និងការសម្តែងសិល្បៈខ្លីមួយនៅទីនេះបង្ហាញជាសាធារណៈតែម្តង។ អ្នកនាង ថាកន្លងទៅមានសិល្បករខ្មែរមួយចំនួនបាននាំមកនូវទម្រង់សិល្បៈ និងការស្លៀកពាក់បែបខ្មែរមកបង្ហាញនៅទីនេះដែលនាំឲ្យនាងនិងកូនខ្មែរមានមោទនភាព ហើយពេលនេះនាងសម្រេចបានបំណងខ្លះក្នុងការនាំយកទម្រង់សម្លៀកបំពាក់នេះមកបង្ហាញគឺជាក្តីសុខ និងមោទភាពសម្រាប់ខ្លួនឯងផងដែរ។ នាងលើកឡើងដែរថា ក្រៅពីដំណើរកម្សាន្តនាងក៏ចូលរួមច្រៀងរាំកម្សាន្តក្នុងកម្មវិធីដែលរៀបចំដោយកូនខ្មែរនៅសហរដ្ឋអាមេរិកផងដែរ ហើយចុងខែកញ្ញានេះ នាងនិងក្រុមគ្រួសារនឹងធ្វើដំណើរត្រឡប់ទៅកាន់ទឹកដីកំណើតវិញផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖