សាធារណរដ្ឋឥណ្ឌា៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ នា ទីក្រុងBengaluru សាធារណរដ្ឋឥណ្ឌា លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ីស្ដីពីវិស័យអប់រំ និងជំនាញលើកទី៧ និងការតាំងពិព័រណ៍ធនធានអប់រំឆ្នាំ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងBengaluru សាធារណរដ្ឋឥណ្ឌា។
នៅក្នុងពិធីបើកកិច្ចប្រជុំ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឡើងចែករំលែកនូវសមិទ្ធផល៥ឆ្នាំ (២០១៧-២០២២) និងការរីកចម្រើននៃវិស័យអប់រំនៅប្រទេសកម្ពុជា ដូចជាការកើនឡើងនូវការចូលរៀនកម្រិតបឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា ការលើកកម្ពស់អត្រាអក្ខរកម្ម សម្រាប់មនុស្សពេញវ័យ និងការលើកកម្ពស់ការអប់រំស្ទែមនៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា។
លោកបណ្ឌិតរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ស្ថិតនៅក្នុងបរិបទកូវីដ-១៩ វិស័យអប់រំនៅកម្ពុជាបានបំប្លែងវិបត្តិ និងបញ្ហាប្រឈមនានាទៅជាកាលានុវត្តភាពដោយបានដាក់បញ្ចូលការអប់រំបែបឌីជីថលទៅក្នុងការរៀន និងបង្រៀន។
សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ីស្ដីពីវិស័យអប់រំ និងជំនាញលើកទី៧ និងការតាំងពិព័រណ៍ធនធានអប់រំឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ដៃគូនៃវេទិកាអប់រំពិភពលោកប្រចាំឆ្នាំនៅទីក្រុងឡុងដ៍ដែលធ្វើជាម្ចាស់ផ្ទះសម្រាប់ការជួបជុំនៃរដ្ឋមន្ត្រីអប់រំនិងជំនាញ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្រ្ដីអប់រំនិងជំនាញ ដើម្បីចែករំលែកនូវទស្សនៈ និងបញ្ហាប្រឈមលើការអនុវត្តគោលនយោបាយសម្រាប់ការអប់រំនិងជំនាញ។ ព្រឹត្តិការណ៍អមមួយទៀតគឺជាការតាំងពិព័រណ៍ធនធានអប់រំឆ្នាំ២០២២ ដែលមានការចូលរួមពីអ្នកអប់រំមកពីគ្រប់តំបន់នៃប្រទេសឥណ្ឌា ដើម្បីពិនិត្យមើលភាពជឿនលឿននៃបច្ចេកវិទ្យា និងបានចូលរួមជាមួយអ្នកជំនាញក្នុងវិស័យឧស្សាហកម្មផងដែរ៕
ដោយ ៖ សិលា