ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារ SOMTC-កម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀម រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​នាយកដ្ឋានព័ត៌មានវិទ្យា​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ នាព្រឹកថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ តាមប្រព័ន្ធវិដេអូ លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀម រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ ដោយមានការចូលរួមពីអនុប្រធាន សមាជិក នៃក្រុមការងារ SOMTC ព្រមទាំងមន្ត្រីបង្គោលទទួលផែនការងារពាក់ព័ន្ធ។

សូមជម្រាបជូនដែរ ដោយបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្ដូរវេន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួល បន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16’h AMMTC and Its Related Meetings) ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។

លើសពីនេះទៀត នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំ លើកទី១៦ នេះដែរ ក្រសួងមហាផ្ទៃ ក៏នឹងធ្វើជាប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនា បូកបី (ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ) លើកទី១២ (12th AMMTC + 3 Consultation)៕

ដោយ៖សហការី​


ចែករំលែក៖