ខេត្តកំពង់ឆ្នាំង ៖ សម្ភារយោធាជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិ នៃសាធាររដ្ឋប្រជាមានិតចិន ត្រូវបានរៀបចំពិធីប្រគល់ដល់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។
ពិធីប្រគល់ និងទទួលសម្ភារយោធានេះនឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ស្ថិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ពិធីចុះហត្ថលេខាប្រគល់ និងទទួលសម្ភារយោធានេះ នឹងធ្វើឡើងរវាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយអនុព័ន្ធយោធាចិន ប្រចាំកម្ពុជា។
គួរជម្រាបថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ថ្មីៗនេះ ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានប្រគល់រថយន្តស៊េរីទំនើបចំនួន១៥០គ្រឿង និងសម្ភារៈការិយាល័យមួយចំនួន ជាជំនួយឥតសំណងដល់ក្រសួងការពារជាតិកម្ពុជា សម្រាប់បម្រើដល់ការងារមួយចំនួនខណៈកម្ពុជាធ្វើជាប្រធាននៃកិច្ចប្រជុំអាស៊ាន និងកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុននេះជាដើម។
ក្រៅពីជំនួយផ្នែកយោធា រដ្ឋាភិបាលចិនតែងតែផ្តល់ជំនួយផ្សេងៗដល់រដ្ឋាភិបាលកម្ពុជា ជាក់ស្តែងក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រាប់លានដូស ព្រមទាំងឱសថបុរាណចិន សម្រាប់កម្ពុជាដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាដើម។ បន្ថែមពីនេះនៅមានជំនួយជាច្រើនផ្សេងទៀត ដែលបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កាលពីចុងខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញក្រុងពាលីឈូសឆាយពង្រាយដី សម្រាប់សាងសង់ទីលានបាញ់កាំភ្លើងទ័ពជើងគោកអាស៊ាន និងសាងសង់ស្ថានីយ៍ផលិតទឹកស្អាតបន្ថែម សម្រាប់ប្រើប្រាស់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ។
នៅតំបន់ភ្នំជុំរីករាយនេះ ពីមុនមកមានដីខ្ពស់ទាប មិនស្មើផង តែពេលនេះត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធលូទឹក អគារសិក្សា អគារស្នាក់នៅ ទីចាត់ការ សាលពហុសិក្សា វេទិកា តារាងបាល់ទាត់ ទីលានបាញ់គ្រាប់ពិត។ល៕
ដោយ ៖ សហការី