ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នារយៈពេល៥ថ្ងៃ កន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៥.០០០នាក់ បានរីករាយជាមួយការទទួលបានសេវាដឹកជញ្ជូនដោយរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅរាត្រីថ្ងៃទី២៧ កញ្ញានេះថា ៖ សម្រាប់រយៈពេល៥ថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៥.០០០នាក់ បានរីករាយជាមួយការទទួលបានសេវាដឹកជញ្ជូនដោយរថយន្តក្រុងសាធារណៈដោយឥតបង់ថ្លៃ ។
លោកបានបន្តលើកឡើងថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានទទួលសេវានេះ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់អនុសាសន៍ឱ្យ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈចំនួន ១៧៥គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋទាំងក្នុងរាជធានីភ្នំពេញ និងទៅមកតាមបណ្តាខេត្ត រយៈពេល ៥ថ្ងៃកន្លងមកនេះ។
ពួកគាត់ក៏បានអរគុណផងដែរចំពោះបុគ្គលិកបើកបរ និងបុគ្គលិកបម្រើការដទៃទៀតនៃ City Bus ដែលបានស្ម័គ្រចិត្តបម្រើប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវនារដូវបុណ្យភ្ជុំនេះ។
ទន្ទឹមនឹងការយកចិត្តទុកដាក់នេះ និងដើម្បីជម្រុញឱ្យការងារនៃការផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃនេះ ទទួលបានភាពកក់ក្តៅជូនប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃទី២៣ កញ្ញាកន្លងនេះ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានចុះពិនិត្យការដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តនានាដោយមិនគិតថ្លៃជាក់ស្តែង នៅទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ ជាមួយនឹងការស្វាគមន៍ដោយក្ដីញញឹម ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ៕
ដោយ ៖ សំរិត