ព័ត៌មានទាន់ហេតុការណ៍៖

មានករណីមន្ត្រីខេត្តម្នាក់ ជាម្ចាស់រថយន្ត lexus 570 បើកបរ បុកម៉ូតូប៉ើងមនុស្សស្លាប់២នាក់ យ៉ាងអណោចអធ័ម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ យ៉ាងហោចណាស់ ក៏មានបុរស២នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ លើកំណាត់ផ្លូវជាតិលេខ៨ ដោយសារតែរថយន្តម៉ាក lexus 570 បើកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យផ្លោងមនុស្សចេញពីម៉ូតូសណ្ដោងរ៉ឺម៉ក។

សូមបញ្ជាក់ថា,  គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៥និង១៤៦ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ចំណែករថយន្តបានជ្រុលធ្លាក់ចូលទៅក្នុងព្រៃ ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ក្រោយពេលកើតហេតុ។ ប៉ុន្តែគេអះអាងថាជាមន្ត្រី អាចបម្រើនៅខេត្តនេះ ហើយរថយន្តម៉ាក lexus 570 ក៏បានដោះស្លាកលេខចេញ ឬ អត់មានស្លាកលេខ។ 

យោងតាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្ត។ ហើយនៅកន្លែងកើតហេតុនោះ គឺម៉ូតូសណ្តោងរ៉ឺម៉កម៉ាកវ៉េវ (គ្មានអាវ) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អែម សំអូន (ហៅគោ) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បានឌុបឈ្មោះ ផន ភីន ភេទប្រុស អាយុ១៦ឆ្នាំ នៅរស់ភូមិ-ឃុំជាមួយអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែករថយន្តម៉ាក LEXUS LX570 ពណ៌ខ្មៅដែលបើកមកបុកពេញទំហឹង ហើយអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ ប៉ុន្តែអាចសមត្ថកិច្ច និងជំនាញ ស្រាវជ្រាវតាមស្លាកលេខ ឬលេខតួ លេខម៉ាស៊ីន ដើម្បីរកអត្តសញ្ញាណជនបើកបង្កហេតុ បណ្តាលឱ្យមនុស្សស្លាប់២នាក់ ភ្លាមៗនៅកន្លែងកើតហេតុ។ 

ប្រភពច្បាស់ការណ៍បានបន្តឱ្យដឹងទៀតថា ហេតុការណ៍ខាងលើនេះ បានកើតឡើង រវាងម៉ូតូនិងរថយន្ត បានបើកបរបញ្ច្រាស់ទិសគ្នា ដោយម៉ូតូសណ្តោងរ៉ឺម៉កបើកបរពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ធ្វើឱ្យរថយន្តដែលបើកត្រង់ពីត្បូងទៅជើង បានបើកមកបុកពេញទំហឹងតែម្ដង បណ្តាលឱ្យអ្នកបើកម៉ូតូរ៉ឺម៉កទាំង២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ចំណែកអ្នកបើករថយន្តវិញ រត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ខាងលើនេះ បានបណ្តាលឱ្យម៉ូតូសណ្តោងរ៉ឺម៉កខូចខាតកម្រិតធ្ងន់ ខ្ទេចខ្ទីចំណែករថយន្តវិញ គឺខូចកម្រិតធ្ងន់ដូចគ្នា ហើយចំពោះមូលហេតុ គឺបត់ក្នុងស្ថានភាពគ្រោះថ្នាក់។

ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង២នាក់ ត្រូវបានជំនាញធ្វើកំណត់ហេតុ រួចប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែករថយន្ត lexus 570 និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវបានមន្ត្រីជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែកជាបណ្ដោះអាសន្ន ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបន្តទៀតតាមនីតិវិធី។

សូមបើកបរគោរពច្បាប់ចរាចរណ៍ ដើម្បីជៀសផុតពីគ្រោះថ្នាក់ ការពារ ជីវិតខ្លួនឯង និងអ្នកដទៃ ៕

ដោយ ៖ សហការី


ចែករំលែក៖