ខេត្តកោះកុង ៖ កម្លាំងអធិការដ្ឋានបានទទួលសេចក្ដីរាយការណ៍ ពីពលរដ្ឋថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨ និង២០នាទីព្រឹក មានមនុស្សចងកនៅជាប់ដើមឈើស្ងាវ នៅចំណុច ឆ្នេរប៉ាក់ខ្លងភូមិ១ ឃុំ ប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ។
បន្ទាប់មក កម្លាំងជំនាញ និងកម្លាំងក្រុមគ្រូពេទ្យ បានទៅដល់កន្លែងកើតហេតុ ដែលមានមនុស្សចងកធ្វើអត្តឃាតពិតប្រាកដមែន ហើយបានធ្វើការស្រាវជ្រាវរកសាវតាជាតិរបស់សព ។
សពមានឈ្មោះ សុខ សំបូរ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករទូកនេសាទ មានទីលំនៅភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ដោយមានការបំភ្លឺរបស់ឈ្មោះ កែវ សុភាព ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធ មានទីលំនៅភូមិ១ ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងឈ្មោះ អ៊ឹម ឆៃយ៉ាន់ ភេទ ប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានឱ្យដឹងថា ឈ្មោះ សុខ សំបូរ បានបាត់ខ្លួននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មិនឃើញនៅផ្ទះ ដោយមានការប្រចណ្ឌប្រពន្ធខ្លួនឯងថាមានប្រុស ទើបខឹងដើរចេញពីផ្ទះបាត់ ។ ប្រពន្ធបានដើររកប្ដីគ្រប់ទីកន្លែងមិនឃើញ រហូតដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨និង២០នាទីព្រឹក បានដឹងថា ប្ដីខ្លួនចងកស្លាប់នៅជាប់ដើមឈើស្ងាវឆ្នេរប៉ាក់ខ្លង ។
តាមការសន្និដ្ឋាន របស់កម្លាំងជំនាញ និងក្រុមគ្រូពេទ្យពិនិត្យទៅឃើញថា ឈ្មោះ សុខ សំបូរ ពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន ។
បច្ចុប្បន្ន សពបានប្រគល់ទៅឱ្យឈ្មោះ កែវ សុភាព ត្រូវជាប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ អារុណរះ