ព័ត៌មានទាន់ហេតុការណ៍៖

Everton ជំរុញដោយអ្នកចាំទី Pickford ត្រឡប់មកវិញសម្រាប់ការប៉ះ Southampton ថ្ងៃសៅរ៍នេះ

ចែករំលែក៖

អ្នកចាត់ការទូទៅលោក Frank Lampard បាននិយាយថា អ្នកចាំទីរបស់ Everton គឺកីឡាករ Jordan Pickford នឹងមានភាពសក្តិសមសម្រាប់ការធ្វើដំណើរនៅ Premier League នៅថ្ងៃសៅរ៍ទៅកាន់ទឹកដីក្រុមSouthampton បន្ទាប់ពីបានជាសះស្បើយពីរបួសភ្លៅ។

Pickford វ័យ២៨ឆ្នាំបានរងរបួសអំឡុងពេលប្រកួត Merseyside Derby ទល់នឹង Liverpool កាលពីដើមខែនេះ ហើយបានខកខានការប្រកួតលីគជាមួយក្រុម West Ham United ក៏ដូចជាការប្រកួត Nations League របស់អង់គ្លេសជាមួយអុីតាលី និងអាល្លឺម៉ង់ផងដែរ។ លោក Lampard បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរថា តើ Pickford នឹងអាចរកបានដែរឬទេ? លោកឆ្លើយថា “បាទ ជាដំណឹងល្អ”។

លោក Lampard ក៏បានបញ្ជាក់ដែរថា ការចូលរួមរបស់កីឡាករ Dominic Calvert-Lewin នៅ St Mary’s កំពុងស្ថិតក្រោមការពិចារណា ខណៈដែលខ្សែប្រយុទ្ធរូបនេះចង់បង្ហាញខ្លួនជាលើកដំបូងរបស់គាត់នៅរដូវកាលនេះ ដោយបានរងរបួសជង្គង់មុនពេលការប្រកួតបើកឆាកលីគរបស់ Everton ទល់នឹង Chelsea កាលពីអំឡុងខែសីហា។

កីឡាករវ័យ២៥ឆ្នាំរូបនេះដែលដំបូងត្រូវបានអវត្តមានរយៈពេល៦សប្តាហ៍នោះ ស៊ុតបញ្ចូលទីបាន៥គ្រាប់ក្នុងលីគក្នុងការបង្ហាញខ្លួន១៧លើកក្នុងរដូវកាល ២០២១-២០២២ មុនពេលមានរបួស។

លោក Lampard បានអះអាងថា “ជាមួយនឹង Dominic Calvert-Lewin យើងកំពុងធ្វើការដើម្បីធ្វើឱ្យប្រាកដថា គាត់ត្រឡប់មកវិញនូវកាយសម្បទា និងកម្លាំងល្អបំផុតសម្រាប់យើង ដូច្នេះយើងនឹងឃើញវានៅលើនោះ។ យើងតែងតែស្វែងរកវិធីល្អបំផុតដើម្បីធ្វើឱ្យ Dominic Calvert-Lewin សម និងរក្សាគាត់ឱ្យល្អ ព្រោះយើងដឹងពីកម្រិតនៃកីឡាករដែលគាត់មាន ដូចដែលគាត់បានបង្ហាញនៅទីនេះពីមុន” ។

គួរបញ្ជាក់ថា ក្រុម Everton បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១៣ក្នុងតារាង Premier League ដោយមាន៧ពិន្ទុពីការប្រកួត៧ប្រកួតកន្លងមក។ក្រុមនេះនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Southampton នៅរាត្រីថ្ងៃសៅរ៍ទី១ ខែតុលានេះ វេលាម៉ោង៩យប់ម៉ោងនៅកម្ពុជាសម្រាប់ការប្រកួតសប្តាហ៍ទី៨ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖