ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តជិត ៩.០០០ គ្រឿងបានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី នាថ្ងៃទីមួយ នៃការបើកដំណើរការសាកល្បង

ចែករំលែក៖

ភ្នំពេញ៖ បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលាឆ្នាំ២០២២នេះ មានយានយន្តចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ ក្នុងនោះដែរយើងសង្កេតឃើញថា មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ  លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។

សូមជម្រាបជូនដែរថា៖ ក្នុងចំណោមយានយន្តជិត៩.០០០គ្រឿងនោះ ក៏មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន ៥២ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩ ក្នុងថ្ងៃនោះ។

គួរបញ្ជាក់ផងដែរថា៖ ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការក្នុងការស្វែងយល់ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្បើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។

«សូមបើកបរដោយស្មារតីទទួលខុសត្រូវ»

«ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»៕

ដោយ ៖ សហការី


ចែករំលែក៖