ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូហុងដាឌ្រីម២គ្រឿងបុកគ្នាពេញទំហឹងនៅមហាវិថីសម្ដេចតេជោ(ផ្លូវ៦០ម៉ែត្រ) បណ្ដាលឱ្យរបួសធ្ងន់២នាក់ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូហុងដាឌ្រីម១គ្រឿងយ៉ាងលឿនជ្រុលទៅបុកម៉ូតូហុងដាឌ្រីម១គ្រឿងទៀតដែលជិះគ្នា២នាក់កំពុងបត់ចូលសាលាខណ្ឌមានជ័យ បណ្ដាលឱ្យដួលទាំងសងខាងរងរបួសធ្ងន់២នាក់និងស្រាលម្នាក់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចច្រកចូលសាលាខណ្ឌមានជ័យ តាមមហាវិថីសម្ដេចតេជោ (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1BB-9545 ឌុបស្ត្រីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវបំណងចូលទៅសាលាខណ្ឌមានជ័យ ខណៈឆ្លងជិតផុតទៅហើយស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1R-1805 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជើងក្នុងល្បឿនលឿនក៏បានទៅបុកម៉ូតូហុងដាឌ្រីមដែលកំពុងបត់ចំពាក់កណ្ដាលម៉ូតូពេញទំហឹង បណ្ដាលឱ្យម៉ូតូទាំងពីរគ្រឿងដួលរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឱ្យបុរសម្នាក់ស្ត្រីម្នាក់រងរបួសធ្ងន់ ឯបុរសម្នាក់ទៀតរងរបួសគួរសម្យ(ស្រាល) ។

ក្រោយកើតហេតុភ្លាមៗ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះបានជួយយកអាសានិងទាក់ទងទៅរថយន្តសាមុយឱ្យមកដឹកជនរងគ្រោះទាំង៣នាក់ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិត ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ សហការជាមួយជំនាញចរាចរណ៍ខណ្ឌធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖