លោក Erik ten Hag បានសារភាពថា ក្រុមបិសាចក្រហម Manchester United របស់គាត់បានទទួលរងពី “ការខ្វះជំនឿ” ក្នុងអំឡុងពេលថ្ងៃប្រកួតរបស់ពួកគេចាញ់គូប្រជែង Manchester City កាលពីថ្ងៃអាទិត្យ។
ក្រុមរបស់អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះត្រូវបានក្រុម Man City ផ្តួលនៅកីឡដ្ឋាន Etihad ក្នុងលទ្ធផលមិនគួរឲ្យជឿង ៦-៣ ក្នុងការប្រកួតសប្តាហ៍ទី៨។ ថ្លែងប្រាប់ទូរទស្សន៍ Sky Sports បន្ទាប់ពីបរាជ័យ លោក Ten Hag បានសារភាពថា ក្រុមរបស់គាត់ខ្វះការជឿជាក់នៅពេលសួរថាតើមានអ្វីខុសនៅថ្ងៃនោះ?
លោកឆ្លើយថា “ខ្វះជំនឿ ខ្ញុំភ្ញាក់ផ្អើលថាហេតុអ្វីបានជាយើងមិននាំជំនឿមកលើទីលាន។ ខ្ញុំបានឃើញជាក់ស្តែងកាលពី៤សប្តាហ៍មុន ក្រុមផ្សេងគ្នា ស្មារតីផ្សេងគ្នា អារម្មណ៍ផ្សេងគ្នា ទំនុកចិត្តខុសគ្នា និងថ្ងៃនេះយើងមិនមានទំនុកចិត្តទេ។ តាំងពីនាទីដំបូងមកយើងមិនក្លាហានក្នុងការគ្រប់គ្រងបាល់។ វាតែងតែពិបាកក្នុងការស្វែងរក ហេតុអ្វីបានជាក្រុមរបស់គាត់មិនក្លាហានក្នុងការកាន់កាប់? ជាពិសេសបន្ទាប់ពីការប្រកួត ខ្ញុំត្រូវតែនិយាយជាមួយ កីឡាកររបស់ខ្ញុំ និងខ្ញុំត្រូវតែស្វែងរក”។
លោកបញ្ជាក់ថា “ពួកគេដឹងថាពួកគេអាចធ្វើបានកាន់តែប្រសើរ មើលការប្រកួតជាមួយ Arsenal មើលការប្រកួតជាមួយ Liverpool ប៉ុន្តែប្រសិនបើអ្នកមិនប្រយុទ្ធ ហើយយើងធ្វើមិនបានទេ នោះអ្នកមានបញ្ហាជាមួយក្រុមដូចជា Man City” ។
ក្រុមបិសាចក្រហម Manchester United នឹងសង្ឃឹមថានឹងវិលទៅរកផ្លូវឈ្នះវិញនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ពេលប៉ះក្រុមម្ចាស់ផ្ទះ Omonia ក្នុងពាន Europa League ៕
ដោយ៖ ភារៈ(រូបភាព ៖ 90min.com)