ប្រធានាធិបតីចិន លោកស៊ី ជីនពីង អាចនឹងក្លាយជាភ្ញៀវអញ្ជើញដំបូងបង្អស់សម្រាប់ធ្វើដំណើរលើរថភ្លើងល្បឿនលឿន ពីទីក្រុងចាការតា ទៅកាន់ទីក្រុង បានឌុង(Jakarta – Bandung) នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
សារព័ត៌មាន Straits Times បានផ្សាយថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នឹងអញ្ជើញប្រធានាធិបតីចិនធ្វើដំណើរសាកល្បងលើកដំបូងនៅលើរថភ្លើងល្បឿនលឿនដែលចាប់ផ្តើមដំណើរការនៅខែវិច្ឆិកាខាងមុខ។
រដ្ឋមន្ត្រីក្រសួងចរាចរណ៍ឥណ្ឌូនេស៊ីលោក Budi Karya Sumadi បានឱ្យដឹងថា គម្រោងខាងលើនឹងធ្វើឡើងក្រោយកិច្ចប្រជុំប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ហៅកាត់ថា(G20) ដែលធ្វើឡើងនៅកោះបាលីប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី១៥-១៦ខែវិច្ឆិកា។
កាលពីថ្ងៃទី១ខែតុលា មន្ត្រីឥណ្ឌូនេស៊ីបានផ្សព្វផ្សាយពីរថភ្លើងល្បឿនលឿនដំបូងនៅក្នុងប្រទេសនេះ ដែលបានផលិតឡើងដោយក្រុមហ៊ុន CRRC របស់ចិន ។ តាមគម្រោង រថភ្លើងនឹងដំណើរការពាណិជ្ជកម្មចាប់ពីខែមិថុនាឆ្នាំ២០២៣តទៅ។ នេះក៏ជាលើកដំបូងដែលចិននាំចេញរថភ្លើងល្បឿនលឿនទៅកាន់ប្រទេសជិតខាង ។ រថភ្លើងល្បឿនលឿនខាងលើនឹងជួយកាត់បន្ថយការធ្វើដំណើរពី៣ម៉ោងមកសល់ត្រឹមតែ៤០នាទីប៉ុណ្ណោះ ។
បច្ចុប្បន្នផ្លូវរថភ្លើងល្បឿនលឿនបានរួចរាល់៨០%ហើយ តាមគម្រោងនឹងដាក់ដំណើរការនៅ៦ខែទៀត ។ រថភ្លើងនីមួយៗមាន៨ទូអាចដឹកអ្នកដំណើរបាន៦០០នាក់ ស្មើនឹង៣ម៉ឺននាក់ក្នុងមួយថ្ងៃ។ ល្បឿននៃការធ្វើដំណើរគឺ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕ ដោយ៖ ធីរីណា
រូបថត : KCIC