ខ្សែការពារ Fikayo Tomori របស់ AC Milan បាននិយាយថា គាត់នឹងព្យាយាមបង្ហាញទម្រង់លេងឲ្យក្រុម Chelsea មើលថា តើគាត់មានភាពប្រសើរឡើងប៉ុន្មាននៅពេលក្រុមជួបគ្នាក្នុង Champions League នៅ Stamford Bridge នៅរាត្រីថ្ងៃពុធថ្ងៃទី៥ ខែតុលានេះ។
Tomori បានចូលរួមជាមួយ AC Milan ពីក្លិបនៅទីក្រុងឡុង Chelseaកាលពីខែមិថុនាឆ្នាំមុន បន្ទាប់ពីមានការចាប់អារម្មណ៍ក្នុងការខ្ចីជើង និងបានដើរតួយ៉ាងសំខាន់ ខណៈដែលពួកគេបានឈ្នះពានរង្វាន់លីគដំបូងក្នុងរយៈពេល១១ឆ្នាំកាលពីរដូវកាលមុន។
Tomori បានប្រាប់អ្នកយកព័ត៌មានថា “កីឡាករបាល់ទាត់គ្រប់រូប នៅពេលអ្នកឡើងលើទីលាន វាមានចំណុចដើម្បីបញ្ជាក់។ ច្បាស់ណាស់ថា មកពី Chelsea ប្រហែលជាមានការលើកទឹកចិត្តបន្ថែម។ វាគ្រាន់តែជាឱកាសមួយទៀតសម្រាប់ខ្ញុំក្នុងការឃើញមុខដែលធ្លាប់ស្គាល់ ក៏ដូចជាខ្ញុំស្មានថាបង្ហាញពីរបៀបដែលខ្ញុំបានអភិវឌ្ឍ។ ខ្ញុំដឹងថាមនុស្សបានមើលការប្រកួតរបស់ AC Milan ប៉ុន្តែត្រឡប់ទៅ Stamford Bridge ដែលជាកន្លែងចាប់ផ្តើមទាំងអស់ វាជារឿងមួយផ្សេងទៀត និងឱកាសបង្ហាញខ្លួនម្ដងទៀត”។
ទម្រង់លេងរបស់ Tomori សម្រាប់ AC Milan ក៏ឃើញគាត់ទទួលបានការហៅទៅកាន់ប្រទេសអង់គ្លេសញឹកញាប់ដែរ ប៉ុន្តែកីឡាករវ័យ២៤ឆ្នាំរូបនេះមិនបានចំណាយពេលច្រើនជាមួយក្រុមជម្រើសជាតិនោះទេ ដោយបង្ហាញខ្លួនបានតែមួយដងក្នុងឆ្នាំ២០២២។
គាត់បាននិយាយថា “ខ្ញុំនៅមានកិច្ចការមួយចំនួនដែលត្រូវធ្វើដើម្បីឱ្យខ្លួនខ្ញុំនៅក្នុងក្របខ័ណ្ឌដើម្បីនៅទីនោះសម្រាប់ការប្រកួត World Cup ដូច្នេះសង្ឃឹមថាខ្ញុំអាចធ្វើបាន។ មានការប្រកួតជាច្រើននៅចន្លោះពេលនេះ និងបន្ទាប់មកសម្រាប់ខ្ញុំដើម្បីព្យាយាមចូលក្រុមនោះ ឬសង្ឃឹមថានឹងស្ថិតក្នុងទីតាំងមួយដែលខ្ញុំអាចទទួលបាននាទីខ្លះនៅលើទីលានផងដែរ” ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)