ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះទិវាគ្រូបង្រៀនក្រោមប្រធានបទ “គ្រូបង្រៀនយើង អនាគតយើង ប្រទេសយើង”

ចែករំលែក៖

ភ្នំពេញ ៖ តាងនាម សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ចំពោះការខិតខំបង្ហាត់បង្រៀនផ្ដល់នូវចំណេះដឹងដល់សិស្សនិស្សិតដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិដោយមិនគិតការលំបាកនឿយហត់។ ការលះបង់ តស៊ូ របស់លោកគ្រូ អ្នកគ្រូកន្លងមក ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ គឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញវិស័យអប់រំនៅកម្ពុជា និងពង្រីកធនធានមនុស្សស្របតាមការវិវត្តន៍នៃសង្គមប្រកបដោយកិត្យានុភាព និងវឌ្ឍនភាព។  

ក្នុងឱកាសដ៏ថ្លៃថ្លានេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងនាមជាសិស្ស ដែលបានរៀនសូត្រពីលោកគ្រូ អ្នកគ្រូគ្រប់ៗជំនាន់ សូមគោរពដឹងគុណ និងសូមគោរពជូនពរ លោកគ្រូ អ្នកគ្រូ អោយជួបប្រទះតែសេចក្តីសុខសុភមង្គល សុខភាពល្អបរិបូរ និងជោគជ័យគ្រប់ភារកិច្ច។ 

សហភាពសហព័ន្ធយុវជនកម្ពុជា មានសេចក្តីសោមន្សរីករាយក្រៃលែង និងសូមចូលរួមអបអរសាទរ ចំពោះការប្រារព្ធ ទិវាគ្រូបង្រៀនពិភពលោក នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នេះ នៅព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង»។

ការអប់រំ គឺជាមធ្យោបាយគ្រឹះ និងសំខាន់បំផុត ដើម្បីជំរុញ និងបង្កើនសមត្ថភាពយុវជនជំនាន់ក្រោយឱ្យ

ក្លាយខ្លួនជាអ្នកបន្តវេនក្នុងការររក្សានិរន្តរភាពនៃវឌ្ឍនភាពសង្គម និងការបន្តជំរុញវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ហើយ

ក្នុងបរិបទកម្ពុជា គឺជាការឈានទៅសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។ ដោយបានឆ្លងកាត់បទពិសោធ ដែលស្ទើរមិនមានក្នុង

ប្រវត្តិសាស្ត្រពិភពលោក នៃការសម្លាប់រង្គាលលើបញ្ញវន្ត ជាពិសេសលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំគ្រប់លំដាប់

ថ្នាក់ ក្នុងរបបខ្មែរក្រហម កម្ពុជាយល់យ៉ាងច្បាស់ពីគុណតម្លៃនៃគ្រូបង្រៀន ដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការ

កសាងសង្គមមួយប្រកបដោយនិរន្តរភាពដោយឈរលើចំណេះដឹង តម្លៃ និងសីលធម៌។

ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាងបីឆ្នាំកន្លងទៅ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ បានរក្សាតួនាទីយ៉ាងសំខាន់ក្នុងការធានានិរន្តរភាពការអប់រំប្រកបដោយសមធម៌ ដោយក្នុង ពេលព្រមគ្នា ទប់ស្កាត់ឱ្យបានការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិច ការ ចែកសន្លឹកកិច្ចការដល់សិស្ស ការចុះតាមសហគមន៍ ការចុះតាមខ្នងផ្ទះ និងភាពច្នៃប្រឌិតនានារបស់លោកគូ អ្នកគ្រូ អនុលោមតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី សមានចិត្ត មនសិការ ស្មារតី ការចូលរួម ការលះបង់ និងទំនួលខុសត្រូវខ្ពស់របស់លោកគ្រូ អ្នកគ្រូ សម្រាប់សង្គម ជាតិ។ ជាពិសេសនៅក្នុងដំណាក់កាលបើកដំណើរការគ្រឹះស្ថានសិក្សាពេញលេញឡើងវិញ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ មិនត្រឹមតែបំពេញតួនាទីក្នុងការផ្ដល់ចំណេះដឹង និងដំបូន្មានដល់សិស្សានុសិវិស្ស ប៉ុណ្ណោះទេ ប៉ុន្តែព្រមជាមួយគ្នានេះ ក៏នៅតែបន្តបំពេញតួនាទីយ៉ាងសំខាន់ក្នុងបង្ការ និងទប់ស្កាត់ជាច រីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសាលារៀន និងសហគមន៍ផងដែរ។

ក្នុងស្មារតីនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បាន និងកំពុងបន្តចូលរួមចំណែកតាមលទ្ធភាពរបស់ ខ្លួនជាបន្តបន្ទាប់ក្នុងសកម្មភាពនានា ដើម្បីលើកកម្ពស់សក្តានុពលគ្រូបង្រៀនតាមរយៈការជំរុញការទទួលស្គាល់ នូវគុណតម្លៃរបស់បុគ្គលិកអប់រំ និងសូមគាំទ្រចំពោះគោលនយោបាយស្ដីពីគ្រូបង្រៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាសកម្មភាពនៃកំណែទម្រង់វិស័យអប់រំដ៏រស់រវើករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន គោលបំណងក្នុងការអភិវឌ្ឍគ្រូបង្រៀនឲ្យមានគុណភាព សមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និងផ្ដល់លក្ខខណ្ឌ ចាំបាច់ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ។

តាងនាមឲ្យ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស និងយុវជន កម្ពុជាទូទៅ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់នៅគ្រប់កាលៈទេសៈរបស់លោកគូ អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់រូប និងគ្រប់លំដាប់ថ្នាក់។ វត្តមាន ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំ គ្រប់រូបនាពេលកន្លងមក ជាពិសេសក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ-១៩ កន្លងមកនេះ គឺជាការសន្យា មួយដ៏មោះមុតសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ដែលមានមោទកភាពចំពោះធនធានមនុស្សដ៏សម្បូរបែប និងកម្ពុជាមួយដែលប្រកបដោយកិត្យានុភាព និងវឌ្ឍនភាពជានិច្ចនិរន្តរ៍តទៅ ៕

ដោយ : សិលា


ចែករំលែក៖