ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, ថ្ងៃនេះ ខ្ញុំពិតជាមានសោមនស្សដោយបានចូលរួម ជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២២ ក្រោមប្រធានបទ «ការស្ដារកម្ពុជាឡើងវិញពីវិបត្តិ នៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពី ជំងឺកូវីដ-១៩» ។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្រុមហ៊ុន ជី ហ្គ្រេ គ្រុប (G Gear Group) ក្រុមហ៊ុន ជីប ម៉ុង គ្រុប (Chip Mong Group) និងក្រសួង ការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី ដែលបាន ផ្តួចផ្តើមរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង ។ សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំចូលរួមថ្លែងសុន្ទរកថាបើកសន្និសីទ នេះជាច្រើនលើករួចមកហើយ ដោយសាររាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសន្និសីទនេះជាព្រឹត្តិការណ៍ដ៏សំខាន់នៅកម្ពុជាដែល ផ្ដល់ឱកាសឱ្យយើងអាចពិនិត្យ និងពិភាក្សាអំពីសមិទ្ធផល ដែលកម្ពុជាសម្រេចបាន បញ្ហាប្រឈមនិងទិសដៅអភិវឌ្ឍន៍ ទៅមុខដើម្បីធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព ជាពិសេស ក្នុងបរិការណ៍ ដែលយើងត្រូវការគិតគូរឡើងវិញអំពីការ អភិវឌ្ឍតាមគន្លងប្រក្រតីភាពថ្មី ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្ដែងនូវការស្វាគមន៍ យ៉ាង កក់ក្តៅជូនចំពោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន វិទ្យាស្ថានស្រាវជ្រាវ អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុង សន្និសីទរបស់យើងនៅរាជធានីភ្នំពេញនាពេលនេះ ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ការសម្រេចបាននូវការងើបឡើងវិញ និងការឈាន ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ទាមទារឱ្យមានការដោះស្រាយបញ្ហាប្រឈម ដែលស្មុគស្មាញ និងមានចរិតលក្ខណៈសកលទាំងនេះ តាមរយៈការចូលរួម សហប្រតិបត្តិការ សាមគ្គីភាព និងការរួមគ្នាស្វែងរកដំណោះ ស្រាយ ។ ក្នុងស្មារតីនេះ ថ្វីត្បិតយើងមិនទាន់បើកកិច្ចពិភាក្សា និងមិនទាន់មានដំណោះស្រាយជាក់លាក់ – ខ្ញុំសូមចូលរួម ចែករំលែកថា ព្រះរាជាណាចក្រកម្ពុជាអាចអភិវឌ្ឍខ្លួនបាន យ៉ាងលឿន និងគ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលន ជំងឺកូវីដ-១៩ ក្នុងកម្រិតមួយដ៏ល្អប្រសើរ តាមរយៈការដាក់ ចេញនូវគោលនយោបាយត្រឹមត្រូវ និងទាន់ពេល ។
ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាល រួចមកហើយ ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាលតែងកំណត់ « មនុស្ស » ជាវិស័យ អាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង ៤ គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ ជាពិសេសចាប់ពីដំណាក់កាលទី ៣ មក រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាវិស័យអាទិភាព ចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍ ធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាព ក្រីក្រ ។ ជាក់ស្ដែង កម្ពុជាបានបង្កើតការងារជូនប្រជាជនរាប់ លាននាក់ ជាពិសេសក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង វិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលបានចូលរួមកាត់ បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់ពីអត្រា៥៣,២%ក្នុងឆ្នាំ ២០០៤ មកត្រឹមអត្រា ១៧,៨% ប៉ុណ្ណោះក្នុងឆ្នាំ ២០២០ ។ ជាមួយគ្នានេះ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយមុន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កម្ពុជាសម្រេចបានអត្រា កំណើនជាង ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះបានធ្វើឱ្យ កម្ពុជាផ្លាស់ប្ដូរឋានៈពីប្រទេសមានការអភិវឌ្ឍតិចតួចទៅ ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥ ។
ជាមួយសមិទ្ធផលដ៏ត្រចះត្រចង់នេះ រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ ប៉ុន្តែ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនាអំឡុងពេលដែលជំងឺកូវីដ-១៩ បាន និងកំពុងរាលដាលនេះ ដំណើរឆ្ពោះទៅរកការសម្រេចបាន នូវចក្ខុវិស័យទាំងនេះអាចជួបប្រទះនឹងការរាំងស្ទះ ។ ជាការ ពិត នៅក្នុងឆ្នាំ ២០២០ ជំងឺដ៏កាចសាហាវនេះបានធ្វើឱ្យ សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ដែល ជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ ។
ជាការឆ្លើយតប បន្ថែមពីលើវិធានការសុខាភិបាល រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ផ្នែក សង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងជីវភាពរបស់ កម្មករ-និយោជិត ក៏ដូចជាគ្រួសារក្រីក្រនិងងាយរងគ្រោះ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានកៀរគរកម្លាំងសរុបរបស់ជាតិ ដើម្បីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងបង្កើតបានភាពសុំាសហគមន៍ដ៏រឹងមាំមួយទូទាំងប្រទេស ។ សមិទ្ធផលនេះ បានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញ លើ គ្រប់វិស័យតាំងពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ប្រកបដោយ សុវត្ថិភាពរហូតមកដល់ថ្ងៃនេះ និងបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញជាបណ្ដើរៗប្រកបដោយភាពធន់ និងរឹងមាំ ។ ជាលទ្ធផល សេដ្ឋកិច្ចកម្ពុជាមានកំណើនវិជ្ជមានក្នុងអត្រា ៣% នៅក្នុងឆ្នាំ ២០២១ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តមានកំណើនវិជ្ជមាន ក្នុងរង្វង់អត្រា ៥% នៅក្នុងឆ្នាំ ២០២២ និង ៦% នៅក្នុងឆ្នាំ ២០២៣ ។
– ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោក ទាំងមូលរបស់យើងបានជួបប្រទះនូវបញ្ហាប្រឈមជាបន្ត បន្ទាប់ ។ ថ្វីត្បិតតែជំងឺកូវីដ-១៩ បានថមថយ បញ្ហាប្រឈម ផ្សេងទៀតក៏បាន និងកំពុងកើតមានឡើងជាបន្តបន្ទាប់ ដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និង សម្ពាធអតិផរណា បូករួមទាំងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ដែលបាននិងកំពុងដាក់សម្ពាធបន្ថែមមកលើ អាយុជីវិត និងជីវភាពរបស់ប្រជាជនយើង ជាពិសេសប្រជា ជនក្រីក្រ និងងាយរងគ្រោះ ។
កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសឈានមុខមួយ ដែលបានគ្រប់គ្រង និងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បាន យ៉ាងល្អប្រសើរ ក្នុងបរិការណ៍ដែលប្រទេសជាច្រើននៅ ជុំវិញពិភពលោកនៅបន្តជួបប្រទះនឹងការឆ្លងរាលដាលនៅ ឡើយ រាជរដ្ឋាភិបាលបាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិ ឱ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាព ប្រកួតប្រជែងរបស់កម្ពុជា ។ ក្នុងនោះ កាលពីខែ តុលា ឆ្នាំ ២០២១ កម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីដោយមាន ការកំណត់នូវការផ្ដល់ការលើកទឹកចិត្ត និងការការពារដល់ វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការ ទាក់ទាញការវិនិយោគសម្រាប់កម្ពុជា ។ បន្ថែមលើនេះ រាជ រដ្ឋាភិបាលក៏បានដាក់ចេញ និងបាននិងកំពុងជំរុញការអនុវត្តឯកសារគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ សំខាន់ៗ ដូចជាវិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពល ជាដើម ។
នៅក្នុងក្របខណ្ឌពាណិជ្ជកម្មអន្តរជាតិ កម្ពុជាក៏បាន ក្លាយជាប្រទេសហត្ថលេខីនៃ (១). កិច្ចព្រមព្រៀងភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ សកល (២). កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន និង (៣). កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ។
សម្រាប់ទិសដៅទៅមុខ ក្នុងបរិការណ៍ដែលពោរពេញ ទៅដោយភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាខ្ពស់ រាជរដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ការកសាងភាពធន់ន សេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុង«ក្របខណ្ឌយុទ្ធសាស្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់ នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ » ។
ដើម្បីជាធាតុចូលបន្ថែមដល់សន្និសីទនាថ្ងៃនេះ ខ្ញុំសូម ចែករំលែកនូវការគិតគូរ និងទិសដៅរបស់រាជរដ្ឋាភិបាល ដូចខាងក្រោម ៖
ទី១. បន្ថែមពីលើការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលនឹង ជំរុញការវិនិយោគលើវិស័យសុខាភិបាល ដើម្បី រៀបចំប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ ដែលអាច ជួយ និងការពារប្រជាជនពីជំងឺកូវីដ-១៩ ក៏ដូច ជាជំងឺរាតត្បាតផ្សេងទៀត ដែលអាចកើតមាន ឡើងជាយថាហេតុនាពេលអនាគត
ទី២. ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគ លើប្រជាជន និងការផ្តល់សន្តិសុខសេដ្ឋកិច្ចជូន ប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរង គ្រោះ ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្ត ពង្រឹងប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គម និងពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែចំ ទិសដៅ ជាពិសេសតាមរយៈការជំរុញ និងលើក ទឹកចិត្តឱ្យប្រជាជន ដែលស្ថិតនៅក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ ដើម្បីទទួលបាន កិច្ចគាំពារផ្សេងៗ
ទី៣. ការអភិវឌ្ឍធនធានមនុស្ស ទាំងចំណេះនិង ជំនាញ គឺជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរ រចនាសម្ព័ន្ធសេដ្ឋកិច្ច ពីសេដ្ឋកិច្ចដែលពឹងផ្អែក លើកម្លាំងពលកម្ម ដែលមានជំនាញទាបឱ្យ ទៅជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើជំនាញ និង បច្ចកវិទ្យា
ទី៤. ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើការ វិនិយោគផ្ទាល់ពីបរទេស និងការនាំចេញសហ គ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើត មុខរបរ និងការងារជូនដល់ប្រជាជនកម្ពុជា ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកំណត់យកការ អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាព ចម្បងមួយ តាមរយៈការផ្ដល់ការគាំទ្រផ្នែក បច្ចេកទេសនិងហិរញ្ញវត្ថុ ការកែសម្រួលបរិយាកាស ធុរកិច្ច និងការលើកទឹកចិត្តឱ្យមានការចូលរួម ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធជាដើម
ទី៥. បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ។ មិនថាស្ថិតក្នុងកម្រិត អភិវឌ្ឍន៍បែបណានោះឡើយ បច្ចេកវិទ្យាឌីជីថល អាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុង ការផ្ដល់លទ្ធភាពឱ្យបណ្តាប្រទេស ដែលមាន សេដ្ឋកិច្ចកំពុងលូតលាស់ ឬ កំពុងអភិវឌ្ឍ អាចចាប់យកបច្ចេកវិទ្យាថ្មីៗ និងលោតផ្លោះពី ឧស្សាហកម្មប្រពៃណីទៅឧស្សាហកម្មទំនើបបាន ក្នុងរយៈពេលដ៏ខ្លី ។ ដូចនេះ កម្ពុជាត្រូវចាប់ យកឱ្យបាននូវកាលានុវត្តភាពដ៏ធំធេងនេះ តាមរយៈការជំរុញការអនុវត្តឱ្យបានល្អប្រសើរ នូវ“ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ « គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ – ២០៣៥ » និងគោលនយោបាយ ពាក់ព័ន្ធផ្សេងទៀត ៕
ដោយ : សុខ ខេមរា