ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន បញ្ជូនសារទៅពលរដ្ឋនៅឃុំព្រះដាក់ឱ្យស្ងប់ស្ងាត់ ហើយបញ្ជូនរដ្ឋមន្ត្រីពីររូប ទៅជួបពន្យល់នៅទីនោះ នាថ្ងៃស្អែកតែម្ដង

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «នៅឯឃុំព្រះដាក់ ខេត្តសៀមរាប ដែលម្សិលមិញនេះ មានការប្រមូលផ្ដុំការតវ៉ាមួយ ដោយប្រជាពលរដ្ឋទូទាំងឃុំនោះតែម្ដង អំពីការរើចេញពីឃុំព្រះដាក់ មកកាន់រុនតាឯក ខ្ញុំក៏គួរតែត្រូវនិយាយថា យើងមិនទាន់បានមានការប៉ះពាល់ណាមួយ ទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ដែលមុននេះ មានគេហៅថា បារាយណ៍ខាងកើត ដែលអាចមានទឹករហូតទៅដល់ ៣០ម៉ឺនម៉ែត្រគីប ប៉ុន្តែជាមួយនឹងការគិតគូរបែបនេះ យើងក៏បានដឹងដែរថា ឃុំព្រះដាក់ ត្រូវបានកសាងឡើងប្រមាណជា ៣០០, ៤០០ឆ្នាំ រួចមកហើយ…ហើយឃុំនេះឋិតនៅជាឃុំមួយ ដែលទាក់ទងនឹងផ្នែករដ្ឋបាលដែនដីរបស់យើងផង»។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការងើងឆ្ងល់ ថាតើហេតុដូចម្ដេចបានជាប្រជាជននៅឃុំព្រះដាក់ ចាប់ផ្ដើមព្រួយបារម្ភអំពីរឿងនេះ ដោយសម្ដេចបញ្ជូនសារទៅប្រជាពលរដ្ឋនៅទីនោះថា សូមរក្សាភាពស្ងប់ស្ងាត់។ ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀថា «ប៉ុន្តែហេតុយ៉ាងដូចម្ដេច បានជាប្រជាជនចាប់ផ្ដើមព្រួយបារម្ភអំពីរឿងនេះ ខ្ញុំសូមយកឱកាសនេះ បញ្ជូនសារនេះទៅជូនប្រជាពលរដ្ឋនៅទីនោះ សូមស្ងប់ស្ងាត់ យើងគិតគូរដោយម៉ត់ចត់»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេច នឹងបញ្ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅជួបប្រជាពលរដ្ឋនៅឃុំព្រះដាក់នៅថ្ងៃស្អែក ដើម្បីពន្យល់ប្រជាពលរដ្ឋនៅទីនោះតែម្ដង។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលមិនទាន់បានគិតគូរដល់ការរុះរើសំណង់ពលរដ្ឋនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី នៅឡើយនោះទេ!

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ចាត់ឲ្យរដ្ឋមន្ត្រីក្រសួង រៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ទៅ សម្របសម្រួលពលរដ្ឋនៅឃុំព្រះដាក់ផងដែរ។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងនៅក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ថា សម្តេចបានចាត់តាំងឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ចុះទៅសម្របសម្រួលជាមួយពលរដ្ឋនៅឃុំព្រះដាក់នៅថ្ងៃស្អែក ក្រោយពីពលរដ្ឋនៅទីនោះបាននាំគ្នាតវ៉ាមិនរុះរើទីលំនៅរបស់ខ្លួនឡើយកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២៕

ដោយ ៖ សហការី


ចែករំលែក៖