ទីក្រុងហ្សឺណែវ ៖ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ – គណៈប្រតិភូសរុបចំនួន៣៩ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ។
គណៈប្រតិភូចំនួន៣០ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផល ដែលកម្ពុជា សម្រេចបានក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន ព្រមទាំងបានអំពាវនាវឱ្យអ្នករាយ ការណ៍ពិសេស ប្រកាន់យកវិធីសាស្រ្តការងារប្រកប ដោយតុល្យភាពនិងស្ថាបនា ដោយយកចិត្តទុកដាក់ចំពោះយោបល់របស់រាជរដ្ឋាភិបាល និងកាលៈទេសៈរបស់ប្រទេស។ គណៈប្រតិភូបានកោតសរសើរចំពោះជោគជ័យ ដែលមានជាអាទិ៍ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនស្ទើរទូទាំងប្រទេស និងគំនិតផ្តួចផ្តើមនៃកម្មវិធីគាំពារសង្គមជាច្រើន ដើម្បីជួយដល់ស្ត្រី បុគ្គលិកកម្មករដែលត្រូវបានព្យួរពីការងារ និងក្រុមងាយរងគ្រោះ សេរីភាពសាសនា កំណើនអត្រាអក្ខរកម្ម ព្រមទាំងកិច្ចពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយភាគីពាក់ព័ន្ធជាច្រើនវិស័យ ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពី ស្ថាប័នសិទ្ធិមនុស្សជាតិ ។
វាគ្មិនខ្លះបានសម្តែងការស្វាគមន៍ចំពោះជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់ ដោយមានគណបក្សនយោបាយចំនួន០៩ បានឈ្នះអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស និង កិច្ចខិតខំប្រឹងប្រែងក្នុងការធានាឱ្យការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ សន្តិភាព និងតម្លាភាព។ គណៈប្រតិភូក៏បានទទួលស្គាល់ផងដែរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាក់ព័ន្ធនឹងអាស៊ាន កាលពីខែសីហា ឆ្នាំ២០២២ កន្លងទៅ។
ដោយឡែក គណៈប្រតិភូចំនួន០៩ប្រទេសផ្សេងទៀត បានចូលរួមក្នុងកិច្ចពិភាក្សាខាងលើ ដោយបញ្ចេញមតិទិតៀន និងអំពាវនាវឱ្យកម្ពុជាលើកកម្ពស់លំហពលរដ្ឋនិងនយោបាយ រួមទាំងការគោរពបន្ថែមទៀតនូវសេរីភាពនៃការបញ្ចេញមតិ សារព័ត៌មាន និងការប្រមូលផ្តុំដោយសន្តិវិធី ព្រមទាំងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។ ទន្ទឹមនេះ គណៈប្រតិភូទាំងនោះស្ទើរទាំងអស់បានស្វាគមន៍កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់របស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ រួមទាំងការសម្របសម្រួលទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសនៅប្រទេសកម្ពុជា និងវឌ្ឍនភាពនៃសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជាពិសេសក្នុងវិស័យសុខាភិបាល។
គណៈប្រតិភូទាំងនោះក៏បានកត់សម្គាល់ជាវិជ្ជមានអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា កិច្ចការបង្ការអំពើហិង្សាខាងយេនឌ័រ និងកំណែទម្រង់កិច្ចគាំពារជនមានពិការភាព។ វាគ្មិនខ្លះបានលើកឡើងអំពីការត្រឡប់ដោយផ្នែកខ្លះមករកពហុបក្សតាមរយៈការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ វឌ្ឍនភាពឆ្ពោះទៅការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ និងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សេរីភាពជាមូលដ្ឋាន។
ក្នុងឱកាសនៃកិច្ចពិភាក្សាគ្នានេះ ឯកអគ្គរាជទូតនិងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ បានផ្តល់នូវការសង្កេតចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេស ដូចតទៅ៖
កត់សម្គាល់ឃើញថា របាយការណ៍របស់អ្នករាយការណ៍ពិសេស ទទួលស្គាល់យ៉ាងសង្ខេបនិងតិចតួចនូវទិដ្ឋភាពវិជ្ជមាន នៅកម្ពុជា។
សោកស្តាយចំពោះរបាយការណ៍ ដែលមិនបានឆ្លុះបញ្ចាំងនូវការពិត លើទិដ្ឋភាពជាច្រើន ដោយមិនលើកឱ្យមានតុល្យភាពនិងពេញលេញ នូវអង្គហេតុនិងអង្គច្បាប់ ដែលផ្តល់ដោយស្ថាប័នជាច្រើនរបស់រដ្ឋ បើទោះបីជារាជរដ្ឋាភិបាលបានផ្តល់កិច្ចសហប្រតិបត្តិការពិតប្រាកដយ៉ាងណាក៏ដោយ។ ដោយផ្អែកទៅលើមូលដ្ឋានមិនពេញលេញនោះ អ្នករាយការណ៍ពិសេសបានធ្វើការសន្និដ្ឋានដែលមានចរិតនយោបាយ។
កង្វះភស្តុតាងរឹងមាំបានធ្វើឱ្យប៉ះពាល់ដល់ភាពអាចទុកចិត្តបាន និងភាពមិនលម្អៀងរបស់របាយការណ៍។
តើការប្រើប្រាស់ឃ្លាដែលបង្ហាញពីភាពមិនប្រាកដប្រជា អាចចាត់ទុកជារបាយការណ៍មួយដែលមានលក្ខណៈសត្យានុម័ត និងគួរឱ្យទុកចិត្តបានដោយរបៀបណា?ដូចជាឃ្លាលើកឡើងថា “មនុស្សម្នាក់ប្រហែលត្រូវបានគេឃុំឃាំងដោយសារតែប្រវត្តិគ្រួសារ” និង ឃ្លាដែលនិយាយថា “ហាក់បង្ហាញថា ប្រហែលជាឃាតកម្មដែលជាប់ពាក់ព័ន្ធរឿងនយោបាយ”? នេះគ្រាន់តែជាឧទាហរណ៍ត្រួសៗប៉ុណ្ណោះ។ សេចក្ដីសន្និដ្ឋានមិនច្បាស់លាស់បែបនេះបង្កឱ្យមានការកេងចំណេញខាងនយោបាយ។ ដូចគ្នានេះដែរ ការបដិសេធរបស់អ្នករាយការណ៍ពិសេស ពុំផ្តល់ភស្តុតាងវេជ្ជសាស្រ្តចំពោះបុគ្គល ដែលគាត់បានអះអាងថាមានជំងឺអូទីហ្សឹម នាំឱ្យមានការចោទសួរលើការគោរពឱ្យបានខ្ជាប់ខ្ជួនចំពោះក្រមសីលធម៌ ដែលតម្រូវឱ្យអ្នករាយការណ៍ពិសេសត្រូវធ្វើការសន្និដ្ឋាន ដោយផ្អែកលើការពិត។
របាយការណ៍ក៏មានភាពអត្តនោម័ត និងជ្រើសរើសតែមួយជ្រុង។
ការលើកឡើងថា “ បេក្ខជនឈរឈ្មោះបោះឆ្នោតមួយចំនួនធំ ត្រូវបានដកចេញពីបញ្ជី ក្នុងឆ្នាំ២០២២ ក្នុងកាលៈទេសៈគួរឱ្យសង្ស័យ ” ពុំមានមូលដ្ឋានគ្រប់គ្រាន់ឡើយ។ ការពិត សេចក្តីសម្រេចត្រូវបានធ្វើឡើង ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់បោះឆ្នោតឃុំសង្កាត់ និងផ្អែកលើភស្តុតាងជាក់ស្តែង សក្ខីកម្ម និងចម្លើយសារភាពទាក់ទងនឹងឯកសារក្លែងបន្លំ និងការញុះញង់ឱ្យមានការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើម។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ចែងដោះស្រាយរាល់បណ្តឹងតវ៉ាដោយគ្មានការរើសអើង។ ជាឧទាហរណ៍ តាមបណ្តឹងតវ៉ារបស់បេក្ខជនបក្សប្រឆាំង គ.ជ.ប បានសម្រេចឱ្យលុបចោលការផាកពិន័យជាទឹកប្រាក់ និងរក្សាសិទ្ធិបោះឆ្នោតនិងឈរឈ្មោះបោះឆ្នោតរបស់បេក្ខជនបក្សប្រឆាំងចំនួន១៥ រូប ។ សមាជិកទាំង៩រូបរបស់ គ.ជ.ប មានសមាសភាពមកពីពហុបក្ស និងលាលែងពីនយោបាយ ព្រមទាំងមានតំណាងសង្គមស៊ីវិលមួយរូប ដែលត្រូវបានជ្រើសរើសដោយកុងសង់ស៊ីស។
ជាមួយគ្នានេះ ឯកអគ្គរាជទូតកម្ពុជាក៏បានឆ្លើយតបទៅនឹងអ្នករាយការណ៍ពិសេស លើប្រធានបទមួយចំនួនផ្សេងទៀត ដូចខាងក្រោម៖
ការរិះគន់របស់អ្នករាយការណ៍ពិសេសអំពីការគ្រប់គ្រងដោយឯកបក្ស គឺធ្វើទ្បើងដោយប្រាសចាកពីការពិត ដោយហេតុថា អំណាចនៅកម្ពុជាត្រូវបានជ្រើសរើសស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យ ដោយប្រជាជនភាគច្រើនលើសលប់នៅក្នុងឆ្នាំ២០១៨ បើទោះបីជាមានការអំពាវនាវឱ្យធ្វើពហិការមិនចូលរួមបោះឆ្នោត ដោយក្រុមមួយចំនួនដែលចង់ឱ្យមានការផ្លាស់ប្ដូរ ប្រាសចាកពីលទ្ធិប្រជាធិបតេយ្យយ៉ាងណាក៏ដោយ។
កម្ពុជារក្សាបាននូវពហុនិយម ស្តែងឡើងតាមរយៈការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់” ដែលមានសមាសភាពមកពីគណបក្សនយោបាយជាប់ឆ្នោត និងមិនជាប់ឆ្នោត សរុបចំនួន១៦ ក៏ដូចជាការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនាកន្លងទៅ ដែលមានគណបក្សចំនួន៩ ក្នុងចំណោមគណបក្សប្រកួតប្រជែងចំនួន១៧ បានឈ្នះអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេស។
រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្ត ក្នុងការរៀបចំវេទិកាភាពជាដៃគូ ពីរដងក្នុងមួយឆ្នាំ ជាមួយអង្គការសង្គមស៊ីវិល។ ជាមួយគ្នានេះ ក្រុមការងារធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានបញ្ចប់ការពិនិត្យលើមាត្រាចំនួន១៤ ដែលត្រូវបានស្នើឱ្យមានការធ្វើវិសោធនកម្ម ហើយសិក្ខាសាលាពិគ្រោះយោបល់បន្ទាប់ជាមួយអង្គការសង្គមស៊ីវិល នឹងត្រូវរៀបចំឡើង នៅចុងឆ្នាំ២០២២ នេះ។
ប្រព័ន្ធផ្សព្វផ្សាយរិះគន់មានការផ្សាយទូលំទូលាយ អាស្រ័យដោយវត្តមានដ៏រស់រវើកនៃប្រព័ន្ធផ្សព្វផ្សាយជាង២.០០០ អង្គភាព។ ការទទួលបានប្រភពព័ត៌មានចម្រុះរបស់ពលរដ្ឋ កាន់តែមានសន្ទុះខ្លាំងឡើងៗ អាស្រ័យដោយតម្លៃអ៊ីនធឺណិតទូរស័ព្ទចល័តនៅកម្ពុជា មានតម្លៃទាបបំផុត ក្នុងតំបន់។ ប្រការទាំងអស់នេះ បញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សេរីភាពបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយ។
អ្នករាយការណ៍ពិសេស គួរតែមានវិធានការបន្ថែមទៀត ដោយមិនត្រូវបណ្ដោយឱ្យមានការប្រើប្រាស់ពាក្យសម្តីសម្អប់ ការរើសអើងពូជសាសន៍ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានការបះបោរ ដែលពួនជ្រកក្រោមរូបភាពនៃសេរីភាពនៃការបញ្ចេញមតិ នៅក្នុងកម្ពុជាឡើយ។
ពាក់ព័ន្ធនឹងអ្វីដែលគាត់ហៅថាជាការកាត់ក្តីទ្រង់ទ្រាយធំ អ្នករាយការណ៍ពិសេសពុំបានវាយតម្លៃព័ត៌មានដែលទទួលបាន ឱ្យបានហ្មត់ចត់ និងមិនធ្វើនយោបាយូបនីយកម្ម។ ការពិត ការកាត់ក្តីនេះមានជាប់ទាក់ទិននឹងផែនការវិលត្រឡប់ចូលមកកម្ពុជាវិញ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ឬត្រូវបានគេស្គាល់ថា ”ព្រឹត្តិការណ៍៩/១១” របស់អ្នកនយោបាយម្នាក់ និងបក្ខពួកសមគំនិត ដែលបានញុះញង់ឱ្យមានការបះបោរ និងរៃអង្គាសប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់។ មេខ្លោងរៀបចំព្រឹត្តិការណ៍ខាងលើនេះ ត្រូវបានអ្នករាយការណ៍ពិសេសអាណត្តិមុន ធ្វើការថ្កោលទោស នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កាលពីឆ្នាំ២០១៩ ចំពោះការប្រើភាសាបរិហារកេរ្តិ៍ និងការញុះញង់ផ្តួលរំលំរដ្ឋាភិបាល ដែលបានជ្រើសតាំងដោយប្រជាជន។
ដូចដែលអ្នករាយការណ៍ពិសេសបានគូសបញ្ជាក់ក្នុងបទបង្ហាញ កម្ពុជាបានដាក់ចេញនូវវិធានការខ្លាំងក្លា សំដៅពង្រឹងដំណើរការថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើឆបោកនិងល្បែងតាមប្រព័ន្ធអ៊ីនធឺណិត និងការជួញដូរមនុស្ស ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងរយៈកាលជាច្រើនខែកន្លងមកនេះ។ តាមរយៈយន្តការដែលមានស្រាប់ រួមទាំង “គណៈបញ្ជាការ” ការទទួលបណ្តឹងតាមអ៊ីនធឺណិត និងបណ្តាញទូរស័ព្ទបន្ទាន់ជាភាសាខ្មែរនិងភាសាបរទេស រាជរដ្ឋាភិបាលបន្តប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ បង្ក្រាប ប្រតិបត្តិការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា និងការកាត់ទោស ដោយសហការយ៉ាងជិតស្និទ្ធជាមួយ គ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ឯករាជ្យភាពរបស់ប្រព័ន្ធតុលាការត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ មានឧទាហរណ៍ជាច្រើន បង្ហាញថា អ្នកគាំទ្របក្សកាន់អំណាចក៏ត្រូវបានកាត់ទោសដូចគ្នាដែរ ដោយតុលាការក្នុងប្រទេសកម្ពុជា ។
តំណាងអចិន្ត្រៃយ៍កម្ពុជាបានថ្លែងបញ្ចប់ដោយគូសបញ្ជាក់ថា សិទ្ធិមនុស្សមិនផ្តោតលើភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែគឺជាការត់រយៈចម្ងាយវែង និងផ្តោតលើវឌ្ឍនភាព។ អ្នកតាមដានដែលយុត្តិធម៌និងមិនលម្អៀង ប្រាកដជាវាយតម្លៃកម្ពុជា ដោយសុទិដ្ឋិនិយម ដូចដែលយើងបានស្តាប់ឮពីគណៈប្រតិភូដ៏ច្រើនលើសលប់ក្នុងកិច្ចសន្ទនានេះ។ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងក្របខណ្ឌនៃនីតិរដ្ឋ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ថែរក្សាសន្តិភាពនៅកម្ពុជាដែលសម្រេចបានដោយលំបាក និងបន្តដំណើរប្រជាធិបតេយ្យប្រកបដោយពហុនិយម ដោយឥតថយក្រោយ រួមទាំងការបោះឆ្នោតសភា នៅឆ្នាំក្រោយ ឱ្យប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ សន្តិវិធី និងតម្លាភាព៕
ដោយ៖ សូរិយា