ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា សុផារ៉ា ៖ «បងប្អូនប្រជាពលរដ្ឋអ្នកព្រះដាក់ត្រូវរក្សាភាពនឹងន យើងអត់មានការរុះរើផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦នៅក្នុងឃុំនេះទេ!»

ចែករំលែក៖

ខេត្តសៀមរាប៖ «បងប្អូនប្រជាពលរដ្ឋអ្នកព្រះដាក់ត្រូវរក្សាភាពនឹងន យើងអត់មានការរុះរើផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦នៅក្នុងឃុំនេះទេ!» នេះជាការថ្លែងរបស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់កាលពីព្រឹកមិញនេះ។ 

     ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្ត្រីបានសុំឱ្យអ្នកព្រះដាក់ត្រូវសន្យាថា ទប់ស្កាត់កុំឱ្យមានអ្នកថ្មីចូលមករស់នៅ និងមានការសាងសង់សំណង់ថ្មីកើតឡើង ដើម្បីថែរក្សាអត្តសញ្ញាណរបស់អ្នកព្រះដាក់ឱ្យបាន។ សង្ឃឹមថា ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់នឹងបានស្ងប់ចិត្ត និងលែងមានការព្រួយបារម្ភបន្តទៅទៀត។ 

     សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់កាលពីម្សិលមិញ គឺថ្ងៃនេះឱ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះមកដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ។ 

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំណូមពរឱ្យ ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់ ដោយការស្តារបារាយណ៍ហ្នឹងមិនប៉ះពាល់គ្រប់គ្នាទេ ខណៈដែលរាជរដ្ឋាភិបាលនឹងគិតគូរឱ្យបានម៉ត់ចត់បំផុត។

     ចំពោះរឿងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោកស្រីភឿង ស​កុ​ណា ចុះទៅពន្យល់ និងដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។

     ថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» ពិភាក្សាពីការស្តារកម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោបានលើកឡើងថា «យើងមិនទាន់មានការប៉ះពាល់ណាមួយទៅលើប្រជាជននៅឃុំព្រះដាក់នោះទេ យើងគ្រាន់តែបានគិតគូរអំពីហេ​ដ្ឋារចនាសម្ព័ន្ធរបស់អង្គរ ដែលមុននេះមានបារាយណ៍ខាងកើត ដែលអាចមានទឹករហូតដល់៣០លានម៉ែត្រគូប»។

    សម្តេចបានបន្ថែមថា ឃុំព្រះដាក់ត្រូវបានកសាងឡើងប្រមាណ៣០០-៤០០ឆ្នាំមុនមកហើយ ហើយឃុំនេះស្ថិតនៅជាឃុំមួយដែលទាក់ទងទៅនឹងផ្នែករដ្ឋបាលដែនដីរបស់យើងទៀតផង ប៉ុន្តែហេតុដូចម្តេចបានជាប្រជាជនចាប់ផ្តើមព្រួយបារម្ភចំពោះរឿងនេះ។

     សម្តេចបញ្ជាក់បន្ថែមថា «សូមស្ងប់ស្ងាត់ យើងនឹងគិតគូរឱ្យម៉ត់ចត់ ខ្ញុំនឹងបញ្ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ ​ភឿង សកុណា ទៅជួបជាមួយបងប្អូននៅថ្ងៃស្អែក និងមានការជួបជុំដើម្បីពន្យល់»។

    សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា រាជរដ្ឋាភិបាលកំពុងសិក្សាអំពីលទ្ធភាពដាក់ទឹកទៅក្នុងបារាយណ៍ដើម្បីទ្រទ្រង់អង្គរ។ សម្តេចបញ្ជាក់ថា យើងមិនដាក់ទឹកដល់៣០លានម៉ែត្រគូបដើម្បីទាញប្រជាជនចេញនោះទេ។ សម្រាប់ដីនៅរុនតាឯកវិញនៅសល់ប្រមាណ២០០ឡូត៍សម្តេចបានបញ្ជាឱ្យចាប់ផ្តើមរៀបចំដីនៅតំបន់ពាក់ស្នែង។ សម្តេចក៏បានបញ្ជាឱ្យរៀបចំវត្តនៅតំបន់នេះផងដែរ។

សម្តេចបានចាត់ទុកថា ករណីនៅឃុំព្រះដាក់ជារឿងទទួលព័ត៌មានមិនច្បាស់ ធ្វើឱ្យមានការយល់ច្រឡំ ដែលរាជរដ្ឋាភិបាលមិនមានការបណ្តេញចេញនោះទេ។ សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងស្តារបាតអាង និងសិក្សាអំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ សម្តេចបានលើកឡើងថា ផលប៉ះពាល់នោះមិនមែនពលរដ្ឋមួយឃុំឡើយ។

ទីបំផុត! នៅថ្ងៃនេះ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានចុះមកតាមការណែនាំរបស់សម្តេចតេជោ ក្នុងនោះលោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា «បងប្អូនប្រជាពលរដ្ឋអ្នកព្រះដាក់ត្រូវរក្សាភាពនឹងនយើងអត់មានការរុះរើប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦នៅក្នុងឃុំនេះទេ!»៕

ដោយ ៖ សិលា


ចែករំលែក៖