ភ្នំពេញ ៖ ជាមោទនភាព ចំពោះការងារក្នុងជួររដ្ឋាភិបាល លោក កើត រិទ្ធ មានជោគជ័យ ក្នុងតំណែង ជាបន្តបន្ទាប់ ជាមួយ សមត្ថភាព ចំណេះដឹង បទពិសោធន៍ សីលធម៌គុណធម៌ ការទទួលខុសត្រូវ តាមតួនាទី ភារកិច្ច រហូតដល់មានទំនុកចិត្តពី ប្រមុខរាជរដ្ឋាភិបាល ។
គេហទំព័រមួយបានលើកពី ប្រវត្តិការងាររបស់ លោក កើត រិទ្ធ ផងដែរ ដោយបញ្ជាក់យ៉ាងដូច្នេះថា, ឧត្តមមន្ដ្រី « ជោគជ័យ » ក្នុងតំណែងនៅក្រសួងយុត្តិធម៌ ។ រយៈពេលេជាង១០ឆ្នាំ លោក កើត រិទ្ធ ទទួលបានមុខតំណែងតាមលំដាប់លំដោយពី អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ដល់ជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌។
លោក កើត រិទ្ធ អាយុ៤៣ឆ្នាំ អតីតក្របខ័ណ្ឌមន្ដ្រីរាជការក្រសួងអប់រំ យុវជន និងកីឡា ( ២០០៣-២០០៥ ) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ( ២០០៥-២០១២ ) ធ្លាប់ទទួលបានការតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩០៧/៤០៨ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៧ និងទទួលបានការតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ សាជាថ្មី ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/១០៥៧ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០៨ ( ពេលបង្កើតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៤ នៃរដ្ឋសភា ) ។
លុះដល់ពេលបង្កើតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា លោក កើត រិទ្ធ ក៏ទទួលបានការតែងតាំងជា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ រហូតដល់ពេលបង្កើតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា អំឡុងខែកញ្ញា ឆ្នាំ២០១៨ ។
ក្រោយពេល រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ដំណើរការបានប្រមាណជិត២ឆ្នាំ លោក កើត រិទ្ធ ក៏ទទួលបានការតែងតាំងជា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ទល់បច្ចុប្បន្ន ។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានរៀបចំប្រព័ន្ធតុលាការ អោយពន្លឿនរឿងក្តីនានា មិនអោយកកស្ទះ តាមរយៈបង្កើតគណៈកម្មការ តាមដានរឿងក្តី គ្រប់សាលាក្តីជាន់ថ្នាក់ ៕
ដោយ : សហការី