ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនធ្វើឱ្យរុស្ស៊ីខឹងកាន់តែខ្លាំងក្រោយប្រកាសទទួលស្គាល់ប្រជុំកោះជម្លោះ «គូរីល»ជារបស់ជប៉ុន

ចែករំលែក៖

ជប៉ុននិងរុស្ស៊ីប្រឈមនឹងវិវាទជុំវិញប្រជុំកោះ គូរីលជាច្រើនឆ្នាំកន្លងមកហើយ ដោយប្រទេសទាំងពីរប្រកាសថាប្រជុំកោះទាំងនោះជារបស់ខ្លួន។ នៅពេលនេះ ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី កាលពីថ្ងៃ៧ខែតុលា បានចុះហត្ថលេខាលើក្រឹត្យមួយទទួលស្គាល់កោះមួយចំនួននៅភាគខាងត្បូងនៃទីប្រជុំកោះ «គូរីល (Kuril Islands)» ដែលមានបញ្ហាវិវាទ ជាកម្មសិទ្ធិរបស់ប្រទេសជប៉ុន ខណៈដែលបច្ចុប្បន្នទីប្រជុំកោះនេះទាំងមូលគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសរុស្ស៉ី។
ក្រឹត្យរបស់លោក ហ្សេលេនស្គី ទទួលស្គាល់ប្រជុំកោះ Iturup, Kunashir, Shikotan និង Habomai ជារបស់ជប៉ុន ខណៈដែលទីប្រជុំកោះគូរីលទាំងស្រុង បានស្ថិតក្រោមការកាន់កាប់របស់រុស្ស៉ី ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២មកក៏ដោយ ក៏ជប៉ុនបានទាមទារថា កោះចំនួន៤ខាងលើគឺជាកម្មសិទ្ធិរបស់ខ្លួន ដោយហៅកោះទាំងនោះថាជាដែនដីភាគខាងជើង។
ការចុះហត្ថលេខាលើក្រឹត្យខាងលើ ត្រូវគេមើលឃើញថា ទំនងជាការឆ្លើយតបរបស់លោក ហ្សេលេនស្គីចំពោះការចុះហត្ថលេខារបស់ប្រធានាធិបតី រុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន កាលពីថ្ងៃពុធសប្តាហ៍នេះក្នុងការកាត់បញ្ចូលជាផ្លូវការនូវតំបន់ចំនួន៤របស់អ៊ុយក្រែនទៅក្នុងផ្នែកនៃសហព័ន្ធរុស្ស៉ី។
សម្រាប់ជប៉ុនវិញ គឺទីក្រុងតូក្យូបានថ្កោលទោសការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ហើយថែមទាំងបានចូលរួមជាមួយក្រុមលោកខាងលិចដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងមូស្គូទៀតផង។ ជប៉ុននិងរុស្ស៉ីមិនបានបង្កើតសន្ធិសញ្ញាបញ្ចប់សង្រ្គាមលោកជាផ្លូវការជាមួយគ្នាឡើយ ដោយសារតែបញ្ហាវិវាទជុំវិញទីប្រជុំកោះគូរីល៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN-VNA


ចែករំលែក៖