ព័ត៌មានទាន់ហេតុការណ៍៖

លោក គន់ គីម ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រៀមផ្តល់ពូជស្រូវដល់ប្រជាពលរដ្ឋដើម្បីស្តារនិងសង្គ្រោះឡើងវិញឱ្យទាន់ពេលវេលា

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ លោក លី សំរិទ្ធ អភិបាលខេត្តស្តីទីបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយក្នុងខេត្តសៀមរាបក្រោមអធិបតីភាព លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ  និងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ។ 

លោក អភិបាលខេត្តស្តីទីបានរាយការអំពីភូមិសាស្ត្រដែលរងផលប៉ះពាល់ដោយគិតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់​ថ្ងៃទី​​០៨ ខែតុលា ឆ្នាំ២០២​២ បណ្តាលឱ្យមានផល​ប៉ះពាល់​​ដល់​​ប្រជាពលរ​ដ្ឋ​ចំនួន ២៥ ២១៣គ្រួសារ ភូមិចំនួន ៣២៥ភូមិ ឃុំចំនួន៦៣ នៃស្រុក​ចំនួន៩ រួមមាន ស្រុក​ស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និង​ស្រុកអង្គរធំ។ ជាមួយគ្នានេះ ក៏ធ្វើឱ្យមាន​ការខូចខាត ស្រូវពង្រោះចំនួន ៣២ ៤៦៥ ហិកតា ស្មើនឹង ២៣ ៥៧៨ គ្រួសារ​ក្នុងនោះ ខូចខាតស្រូវ ចំនួន ២ ៧៨៣ ហិកតា ស្មើនឹង ៣ ៥៥៣ គ្រួសារប៉ះពាល់ដំឡូងមី ចំនួន ៧ ៣៥១ ហិកតា ស្មើនឹង ៤ ៦៥៣ គ្រួសារ ក្នុងនោះខូចខាត ដំឡូងមី ចំនួន ៣ ១២០ ហិកតា ស្មើនឹង ៤ ០៤២ គ្រួសារ លិចបរិវេណផ្ទះកម្រិតស្រាល ៦ ៨០២ខ្នង និងកម្រិតធ្ងន់ ២៩ខ្នង ព្រមទាំងលិចផ្លូវប្រវែងសរុប ១៧៧ ៤៧០ម៉ែត្រ និងខូចខាតដីស ក្រហម ប្រវែង ៥ ២៧០ម៉ែត្រលិចខ្នងទំនប់,ខ្នងប្រឡាយ ប្រវែង ២១ ៣២៧ម៉ែត្រ និងខូចខាតប្រវែង ៩៥ម៉ែត្រ លិចស្ពាន ០៣កន្លែង និងខូចខាតប្រវែង ១៦ម៉ែត្រ លិចទីធ្លាសាលារៀន ៨១កន្លែង លិចបរិវេណមណ្ឌលសុខភាព ០៦កន្លែង អាគាររដ្ឋបាលឃុំ, ប៉ុស្តិ៍រដ្ឋបាល ២១កន្លែង លិចបរិវេណវត្ត ១៨កន្លែង លិចក្នុងផ្សារ ០២កន្លែង។ 

លោក អភិបាលខេត្តស្តីទីបានបន្តថាកន្លងមកគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក និងឃុំ-សង្កាត់ មានវិធានការឆ្លើយតបមួយចំនួនឱ្យបានទាន់ពេលវេលាដោយផ្តល់អំណោយរបស់ម្តេចពិជ័យសេនា ទៀ បាញ់ លោកអ្នកឧកញ៉ា​ សៀង​ ណាំ​ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្ត និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាបានចំនួន ៤​ ៣៦២គ្រួសារ​ ហេីយអាជ្ញាធរពាក់ព័ន្ធក៏បានត្រៀមស្តារឡើងវិញនូវផ្ទឺចំនួន ១ ៤៦៦ហិចតា។

លោក គន់ គីម ទេសរដ្ឋមន្ត្រីបានជំរុញដល់អាជ្ញធរក្រុង ស្រុកដែលរងផលប៉ះពាល់ត្រូវត្រួតពិនិត្យផលប៉ះពាល់ឡើងវិញ ពិសេសស្រុកក្រឡាញ់ ស្រុកស្រីស្នំនិងស្រុកពួលដែលរងគ្រោះខ្លាំងជាងគេ។ លោកក៏បានជំរុញដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវស្នើសុំពូជស្រូវបន្ថែមពីក្រសួង ដើម្បីធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងការស្តារឡើងវិញឱ្យទាន់ពេលវេលា។ ជាមួយគ្នាមន្ទីរ អង្គភាពពាក់ព័ន្ធក៏ត្រូវវាយតម្លៃនៃការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធផងដែរ ដើម្បីលើកផែនការជួសជុលឡើងវិញបន្ទាប់ពីស្ថានភាពល្អប្រសើរវិញ៕

ដោយ : សហការី


ចែករំលែក៖