ព័ត៌មានទាន់ហេតុការណ៍៖

ដឹកនាំមានភាពទទួលខុសត្រូវ ! លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បង្កើតក្រុមការងារដោះស្រាយផលប៉ះពាល់ ដោយសារទឹកជំនន់

ចែករំលែក៖

ភ្នំពេញ ៖ សូមបញ្ជាក់ថា, ក្រោយដករដ្ឋមន្រ្តីចាស់ចេញភ្លាម, ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទថ្មី  ត្រូវបានចាត់ចែងទទួលការងារធ្វើ និងដោះស្រាយបញ្ហាកសិកម្មជូនប្រជាពលរដ្ឋភ្លាម! ប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជាសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ 

ថ្នាក់ដឹកនាំ និងមន្រ្តីមានសមត្ថភាពខ្លះ ត្រូវគេធីបទុក និងមិនប្រគល់ការងារជូនឡើយ តែពេលនេះមានការងារ និងកិច្ចការភ្លាមៗគ្រប់ៗគ្នា ដើម្បីរួមដោះស្រាយជូនពលរដ្ឋ! 

យើងសង្ឃឹមថា វិស័យកសិកម្មរបស់យើង នឹងមានភាពល្អប្រសើរឡើងវិញ ហើយកសិករនឹងទទួលបានផលប្រយោជន៍ធំធេងពីកសិកម្មរបស់ខ្លួន! 

សូមជម្រាបជូនថា, លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បង្កើតក្រុមការងារដោះស្រាយផលប៉ះពាល់ ដោយសារទឹកជំនន់ បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារក្នុងគោលដៅពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើ ផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំដោយសារទឹកជំនន់ ដើម្បីអាចផ្ដល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ ដើម្បីអាចស្ដារដំណាំឡើងវិញទាន់ពេលវលា។

សម្រេច៖

ប្រការ១.ត្រូវបានបង្កើតក្រុមការងារក្នុងគោលដៅពន្លឿនការពិនិត្យ តាមដាន និងវាយតម្លៃលើផលប៉ះពាល់ការខូចខាត ដំណាំស្រូវ និងដំណាំរួមផ្សំដោយសារទឹកជំនន់ដើម្បីអាចផ្ដល់គ្រាប់ពូជស្រូវ និងដំណាំរួមផ្សំដល់កសិកររងគ្រោះ ដើម្បីអាចស្ដារដំណាំឡើងវិញទាន់ពេលវេលា ដែលមានសមាសភាពដូចខាងក្រោម៖

1-ក្រុមការងារទទួលខុសត្រូវរួម : 

-មានប្រធាន ១រូប អនុប្រធាន ២រូប និងសមាជិក ៧រូប 

ប្រការ២. ក្រុមការងារនេះ មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

– សម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅ ដើម្បីពន្លឿនការពិនិត្យ និង វាយតម្លៃស្ថានភាពជាក់ស្តែងនៃផលប៉ះពាល់ ការខូចខាត លទ្ធភាពស្តារឡើងវិញដំណាំស្រូវ និងដំណាំ រួមផ្សំដែលរងគ្រោះដោយសារទឹកជំនន់ ដោយសហការជាមួយគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀង បម្រុងកម្ពុជា និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ 

– ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្ដែងនៃផលប៉ះពាល់ ការខូចខាត និងលទ្ធភាពស្ដារឡើងវិញដំណាំ ដែលរងគ្រោះដោយសារទឹកជំនន់ ដោយសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដើម្បីផ្ដល់គ្រាប់ពូជស្រូវនិងដំណាំរួមផ្សំដល់កសិកររងគ្រោះដើម្បីស្ដារឡើងវិញឱ្យបានទាន់ពេលវេលា ដោយអនុវត្តតាមយន្តការដែលមានចែងក្នុងអនុក្រឹត្យលេខ១២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា

– រាយការណ៍ជាប្រចាំអំពីសកម្មភាពការងារដែលបានអនុវត្តជូនក្រសួង។

ប្រការ៣.អនុប្រធាន និងសមាជិកក្រុមការងារនេះត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានក្រុមការងារ។ ក្នុងករណី ប្រធានក្រុមការងារអវត្តមាន ប្រធានអាចប្រគល់សិទ្ធិជូនអនុប្រធានដើម្បីដឹកនាំកិច្ចប្រជុំ។

ប្រការ៤.បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្ដីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៥… អគ្គលេខាធិការ អគ្គាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល ប្រធាននាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ប្រធានគ្រប់អង្គភាពដែលពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ ៕

ដោយ : សុខ ខេមរា


ចែករំលែក៖