ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ចេញត្រងទឹកភ្លៀងមិនប្រយ័ត្នប៉ះត្រូវខ្សែភ្លើងដាច់រលាត់បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់ភ្លាមៗ

ចែករំលែក៖

 ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវបានចរន្តខ្សែភ្លើងឆក់ស្លាប់ភ្លាមៗខណៈចេញក្រៅផ្ទះដើម្បីត្រងទឹកភ្លៀងហើយបានប៉ះទៅលើខ្សែភ្លើងដែលដាច់រលាត់។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០១ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ នៅត្រង់ចំណុច ក្រុមទី ២០ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

  ជនរងគ្រោះ ឈ្មោះ សុង សារ៉េត ភេទ ស្រី អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលជនរងគ្រោះខាងលើបានយកស័ង្កសីទៅត្រងទឹកភ្លៀង ហើយបានប៉ះជាមួយខ្សែភ្លើងធ្វើឲ្យដាច់រលាត់ទើបបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកំណត់ហេតុនិងកោសល្យវិច័យរួចរាល់ក៏បានប្រគល់សពជនរងគ្រោះឱ្យទៅក្រុមគ្រួសារនិងសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា


ចែករំលែក៖