កន្លងមកប្រធានាធិបតីរុស្ស៊ីធ្លាប់បានព្រមានថា ប្រសិនបើវាយប្រហារទៅលើស្ពានតភ្ជាប់ពីរុស្ស៊ីទៅកាន់តំបន់គ្រីមៀនោះនឹងរងការតបតវិញយ៉ាងខ្លាំង។ នៅថ្ងៃទី១០ ខែតុលា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលរាប់សិបដើមទៅលើទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ក្នុងនោះមានរដ្ឋធានីកៀវផងដរវ។
សារព័ត៌មាន France24 របស់បារាំងបានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបញ្ជាក់ពីព័ត៌មាននៃការវាយប្រហារដោយមីស៊ីលពីប្រទេសរុស្ស៊ីទៅលើទីតាំងសំខាន់ៗរបស់អ៊ុយក្រែននៅក្នុងរដ្ឋធានី។ លោកបញ្ជាក់ថា គោលដៅនៃការវាយប្រហារពីរុស្ស៊ីគឺសំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន ។
ទីបញ្ជាការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា យ៉ាងហោចណាស់មានមីស៊ីលដល់ទៅ៧៥គ្រាប់បានវាយប្រហារមកលើទីក្រុងនៃប្រទេសអ៊ុយក្រែន ហើយកម្លាំងទាហានការពារអ៊ុយក្រែនវាយស្ទាក់បាន៤១គ្រាប់។
សារព័ត៌មាន New York Times បានផ្សាយថា មានទីក្រុងចំនួន១០នៅអ៊ុយក្រែនរងការវាយប្រហារពីរុស្ស៊ី ។ មន្ត្រីនៅក្នុងតំបន់ Nikolaev នៅភាគខាងត្បូងអ៊ុយក្រែនបានបញ្ជាក់ថា មានមីស៊ីលរាប់សិបគ្រាប់ និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីវាយប្រហារមកលើតំបន់នេះ។
ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានប្រកាសថា ក្រុមចារកិច្ចអ៊ុយក្រែន នៅពីក្រោយការវាយប្រហារលើស្ពានគ្រីមៀ ហើយក្រុមនៅពីក្រោយការវាយប្រហារជាក្រុមភេរវកម្ម ។ ដូច្នេះរុស្ស៊ីត្រូវតែវាយប្រហារដើម្បីកម្ចាត់ក្រុមភេរវកម្មដោយផ្ទាល់នៅក្នុងប្រទេសអ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត ៖ baotintuc.vn
រូបថត ៖ Twitter