ភ្នំពេញ៖ អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅរួមជាមួយព្រះគ្រូចៅអធិការវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣១៥គ្រួសារ រស់នៅក្នុងសង្កាត់ ព្រែកថ្មី និងសង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ ។
សកម្មភាពមនុស្សធម៍នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងបរិវេណវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក ក្រោមអធិបតីភាព លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ និង ព្រះអធិបតីភាព សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹម ហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក , ព្រមទាំងមានការចូលរួម ពីលោក-លោកស្រីជាអភិបាលរងខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ. លោកអធិការនគរបាលខណ្ឌ ព្រមទាំងមាន រួមជាមួយប្រជាពលរដ្ឋជាង៣០០នាក់ ។
សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹម ហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែកបានមានសង្ឃដីការទៅកាន់ប្រជាពលរដ្ឋ ដោយសំណូមពរអោយឈប់លេងល្បែងស៉ីសងគ្រប់ប្រភេទ ជាពិសេសកុំលេងកន្ទុយលេខព្រោះថាអ្នកចាក់កន្ទុយលេខគ្មានអ្នកណាមានបានដោយសារចាក់កន្ទុយលេខនោះទេ ចំណែកអ្នកមាន ដោយសារកន្ទុយលេងគឺមេកន្ទុយលេខឯណោះទេ ដូច្នេះសូមនាំគ្នាឈប់លេងទៅ ត្រូវនាំគ្នារកស៉ីទទួលទានដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារ ។
មានមតិសំណេះសំណាលក្នុងពិធីនេះ លោកអភិបាលខណ្ឌបានណែនាំអោយអាជ្ញាធរសង្កាត់ព្រែកថ្មីត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋដោយមិនប្រការវណ្ណៈ សាសនា ជាតិសាសន៍ និងនិន្នាការនយោបាយឡើយ ។
ទី១-ជំរុញអោយមន្ត្រីក្រុមការងារត្រូវខិតខំបន្តធ្វើកិច្ចការផ្តល់សេវ៉ាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿន រហ័ស និងមានតម្លាភាព ស្របទៅតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អោយបានប្រសើរឡើងថែមទៀត ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និង ហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវ៉ាលើឯកសារអត្រានុកូលដ្ឋាន ។
ទី២-ត្រូវរួមគ្នាខិតខំប្រឹងប្រែងអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេសត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព អោយទទួលបានលទ្ធផលល្អ និង ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោអោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងចុះត្រួតពិនិត្យទីតាំងទទួលបញ្ចាំគ្រប់កន្លែងទាំងអស់ នៅក្នុងមូលដ្ឋាន ។
ទី៣-ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយដើម្បីជំរុញអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ អោយបានគ្រប់គ្នាៗតាំងពីដុសមូលដ្ឋាននិងដុសជំរុញ ព្រោះជំងឺឆ្លងកូវីដ-១៩ នេះ មិនទាន់សាបរលាបទេ បងប្អូនអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ អត់ភ្លេចបងប្អូនទេ ។មួយផ្នែកទៀតត្រូវណែនាំអោយបងប្អូនប្រជាពលរដ្ឋអនុវត្តជាប្រចាំតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោគឺ ៣កុំ ៣ការពារ ប្រៀបដូចជាយ័ន្តដ៍ស័ក្តិសិទ្ធបំផុតក្នុងការការពារអាយុជីវិត ជៀសផុតពីជំងឺឆ្លង ជំងឺកូវីដ-១៩ ។
ទី៤-នៅថ្ងៃទី២០ ខែតុលា ខាងមុខនេះជាថ្ងៃចាប់ផ្តើមចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីរឈ្មោះបោះឆ្នោត សូមបងប្អូនដែលមានកូន ចៅ កើតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៤ ត្រូវនាំកូនចៅទៅចុះឈ្មោះបោះឆ្នោត ចំពោះអ្នកដែលចុះឈ្មោះហើយត្រូវទៅពិនិត្យមើលបញ្ជីរឈ្មោះបោះឆ្នោតនៅតាមសង្កាត់ ដើម្បីត្រៀមខ្លួនបោះឆ្នោតជ្រើសរើសថ្នាក់នាំប្រទេស ។
ចំណុចចុងក្រោយលោកអភិបាលថ្លែងសង្កត់ធ្ងន់ថា ពិតជាមានមោទនៈភាពណាស់ដែលប្រទេសជាតិយើងទទួលបានសុខសន្តិភាព ដោយសាតែមានសន្តិភាពនេះហើយទើបប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ។ ចាប់ពីពេលនេះតទៅ ក្រៅពីពាក្យថា អរគុណសន្តិភាព សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសន្តិភាព ការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត ។
អំណោយចែកជូនប្រជាពលរដ្ឋនៅពេលនេះជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹម ហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក មួយផ្នែកទៀតបានមកពីការជួយឧបត្ថម្ភរបស់សប្បុរសជន និងអំណោយរបស់អាជ្ញាធរខណ្ឌត្រូវបានចែកជូនដល់ប្រជាពលរដ្ឋនៅពេលនេះ ក្នុង១គ្រួសារទទួលបាន ៖ អង្ករ២៥គីឡូក្រាម, ឃីត១កញ្ចប់ ត្រីខ ១យួរ, មី ៦កញ្ចប់, ទឹកត្រី ២ដប, ទឹកស៊ីអ៊ីវ ២ដប និងថវិកា៥ម៉ឺន រៀល ៕
ដោយ ៖ សណ្តោស