ភ្នំពេញ៖ ប្រជាពលរដ្ឋនៅផ្នែកខ្លះនៅខណ្ឌដង្កោកំពុងមានការព្រួយបារម្ភចំពោះស្ថានភាពទឹកស្ទឹងព្រែកត្នោតដែលលំនៅឋានមួយចំនួនបានលង់លិចទៅហើយ។ អាជ្ញាធរមានសមត្ថកិច្ចបានបន្តយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋក្នុងការការពារសុវត្ថិភាពចំពោះហានិភ័យនេះ។
បើតាមមន្ត្រីអាជ្ញាធរខណ្ឌដង្កោ ទឹកស្ទឹងព្រែកត្នោត បន្តកើនឡើងបង្កឱ្យមានការជន់លិចលំនៅឋានប្រជាពល រដ្ឋមួយចំនួន ១៣៤ខ្នងផ្ទះ ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ គិតត្រឹមល្ងាចថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២២។
តាមមន្ត្រីនៃរដ្ឋបាលខណ្ឌដង្កោអោយដឹងថា ត្រឹមថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ ទឹកស្ទឹងព្រែកត្នោតបានកើន ឡើងបង្កឱ្យមានការជន់លិច លំនៅឋានប្រជាពលរដ្ឋចំនួន ១៣៤ខ្នងផ្ទះ ដែលរស់នៅជាប់នឹងសណ្ដស្ទឹង ដែលមានសង្កាត់ចំនួន ៥ គឺសង្កាត់ គងនយ,ព្រៃវែង, សាក់សំពៅ,ស្ពានថ្ម,ព្រៃស និងសង្កាត់ជើងឯក។
ប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង ដែលបានជម្លៀសមកទីទួលសុវត្ថិភាព និងកំពុងរស់នៅលើទំនប់ជាបណ្ដោះអាសន្ន លើកលើកឡើងថា ស្ថាន ភាពកម្ពស់ទឹកក្នុងពេលបច្ចុប្បន្ន ពុំមានការឡើងជាគំហុកនោះទេ ហេតុដូចនេះ ពួកគាត់ក្រោមការជួយពីអាជ្ញាធរមូលដ្ឋាន អាចជញ្ជូនឥវ៉ាន់ របស់របរទាន់ពេលវេលា។ យ៉ាងណាក៏ដោយអាជ្ញាធរខណ្ឌដង្កោនៅតែយកចិត្តទុកដាក់តាមដានស្ថានភាពទឹកស្ទឹងព្រែកត្នោតនេះជាប់ជានិច្ច។
បច្ចុប្បន្នពួកគាត់ក៏កំពុងបន្តមើលស្ថានភាពទឹក ក្រោមការជូនដំណឹងជាប្រចាំពីអាជ្ញាធរសង្កាត់ និងបង្កើនការការពារសុវត្ថិភាព ជាពិសេសសុវត្ថិភាពក្មេងៗ។
កម្ពស់ទឹកស្ទឹងព្រែកត្នោត ទោះមានការហក់ឡើងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនក្ដី តែពុំទាន់មាន ការបាក់ទំនប់ដូចឆ្នាំកន្លងនោះទេ។ ចំពោះទំនប់នៅជុំវិញស្ទឹង ត្រូវបានសាងសង់ខ្ពស់ជាងមុនផងដែរសម្រាប់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ។ អាជ្ញាធរមើលឃើញថាស្ថានភាពទឹកឆ្នាំនេះមិនបង្កហានិភ័យធ្ងន់ធ្ងរដូចឆ្នាំទៅនោះឡើយ។
ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១២-១៨ ខែតុលា ឆ្នាំ២០២២ ថាកម្ពុជាបន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល សម្រាប់បណ្តាខេត្តនៅភាគខាងលើ និងភាគពាយ័ព្យអាចមានភ្លៀងក្នុងកំរិតតិច ។
ដោយឡែករាជធានី និងបណ្ដាខេត្តភាគខាងក្រោមអាចមានភ្លៀងក្នុងកំរិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។ ចំពោះតំបន់ខ្ពង់រាប អាចមានភ្លៀងក្នុងកំរិតតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ រីឯតំបន់មាត់សមុទ្រអាចមានភ្លៀងក្នុងកំរិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ៕
ដោយ៖ សូរិយា