ភ្នំពេញ៖ អស់រយៈពេលជាង២០ឆ្នាំហើយដែលអតីតតារាសម្តែង និងចម្រៀង ឱក បូរី បានបាត់មុខពីសិល្បៈបង្កើតក្រុមគ្រួសារមួយដ៏មានសុភមង្គល។ ថ្មីៗនេះលោកស្រីបែជាបានឃើញលោកស្រីបង្ហាញមុខក្នុងកម្មវិធីខួបកំណើតរបស់អ្នកសិល្បៈម្នាក់យ៉ាងកម្រ។
អតីតតារាសម្តែងឱក បូរី ស្ថិតក្នុងចំណោមតារាស្រីរួមជំនាន់ដូចជាអ្នកនាង ពេជ្រ ច័ន្ទបូរមី, អ្នកនាង ឡាយ លក្ខិណា, អ្នកនាង សៀម ស្រីណុចជាដើម។ ក្នុងនោះមានតារាស្រីមួយចំនួនមានវាសនាទទួលបានស្វាមីជាមន្ត្រី និងអ្នកជំនួញមានទ្រព្យស្តុកស្តម្ភប៉ុន្តែក៏មានអតីតារាស្រីល្បីឈ្មោះមួយចំនួនមិនមានវាសនាខ្ពង់ខ្ពស់នោះដែរ។ អ្នកនាងឱកបូរីក៏ល្បីឈ្មោះក្នុងការសម្តែងបទចម្រៀងជាច្រើនរបស់ផលិតកម្មហង្សមាសក្នុងអំឡុងឆ្នាំ ២០០០នោះផងដែរ ពិសេសការសម្តែងរួមគ្នាជាមួយតារាចម្រៀងព្រាប សុវត្ថិ។
អ្នកសិល្បៈភាគច្រើនបានកោតសរសើរពីអត្តចរិករួសរាយរាក់ទាក់និងសភាពសាមញ្ញក្នុងការទំនាក់ទំនងក្នុងសង្គមរបស់លោកជំទាវ បើទោះបីជាលោកជំទាវកម្រក្នុងការបង្ហាញមុខក្នុងកម្មវិធីអ្នកសិល្បៈច្រើនហូរហែរក៏ដោយ ។ ថ្មីៗនេះលោកជំទាវ ឱក បូរី បានបង្ហាញមុខយ៉ាងកម្រក្នុងកម្មវិធីជ់បលៀងអបអរខួបកំណើតរបស់ស្រីពៅមុខឈើនៅក្នុងភោជនីយដ្ឋានមួយកន្លែង ដែលបង្កើតឲ្យមានការចាប់អារម្មណ៍។ បើទោះបីជាមានងារជាជំទាវ ការស្លៀកពាក់ តុបតែងខ្លួននៅតែសមញ្ញ បែបថ្លែថ្នូ សមរម្យ និងមិនសម្ញែងដោយគ្រឿងអលង្ការជ្រែកខ្លួនឡើយ។ ប្រភពពីអ្នកសិល្បៈដែលស្និទ្ធនឹងនាងលើកឡើងថាឱក បូរី នៅតែហាក់មានព្រលឹង (ធាត់) ជាងមុនច្រើន មើលទៅ ប្រហែលជាកំពុងតែមានសេចក្តីសុខខ្លាំងណាស់ ព្រោះនាង កំពុងរស់នៅក្នុងវីឡា ស្កឹមស្កៃថែមទៀត នៅទួលទំពូង ។ ទោះជាមានទ្រព្យស្តុកស្តម្ភប៉ុន្តែ ឱក បូរីបានប្រើប្រាស់ជីវិតបែបសាមញ្ញរបស់នាងក្នុងការរស់នៅ ។ ប្រភពបញ្ជាក់ថា អ្នកស្រីមានកូនស្រី៣នាក់ក្នុងបន្ទុក ហើយបើទោះបីជាមានងារជាជំទាវក្តីក៏អ្នកស្រីមិនចេះប្រកាន់ខ្លួនច្រើននោះទេ។ មានការលើកឡើងថា អ្នកស្រីមិននិយមប្រើប្រាស់អង្គរក្សឆ្វេងស្តាំហែហម បូករួមទាំងអ្នកបើករថយន្ត ដែលគេសង្កេតឃើញថាអ្នកស្រីតែបើករថយន្តដោយខ្លួនឯងចេញចូលផ្ទះ និងចេញទៅយកកូនស្រីនៅសាលារៀនដោយផ្ទាល់ខ្លួន។ មានការលើកឡើងដែរថា នៅផ្ទះអ្នកស្រីនិយមធ្វើការងារជាស្ត្រីមេផ្ទះជាជាងប្រើឈ្នូលបម្រើ។ អ្វីដែលអ្នកសិល្បៈសរសើរផងដែរគឺអ្នកស្រីនៅតែបង្ហាញវត្តមានចូលរួមកម្មវិធីអ្នកជិតដិតក្នុងចង្កោមអ្នកសិល្បៈប៉ុន្តែមិនច្រើនឡើយ ។
ស្វាមី អ្នកនាង ឱក បូរីឈ្មោះ លោក ស៊ុត តារា ជាមន្ត្រីក្រសួងពាណិជ្ជកម្មហើយគាត់មានអត្តចរិករាក់ទាក់គួរសម ប៉ុន្តែលោកមិនចង់មានវត្តមាននៅលើបណ្តាញសារព័ត៌មានជាមួយភរិយាឡើយ។ ទោះជាយ៉ាងណាប្រភពលើកឡើងថា គ្រួសារពួកគេមានសេចក្តីសុខណាស់ព្រោះឱក បូរី បានទៅកម្សាន្តជាមួយស្វាមី នៅក្រៅប្រទេស ជាញឹកញាប់ណាស់ ហើយគាត់មាន សេចក្តីសុខណាស់ ទើបរូបរាងមិនប្រែប្រួលខ្លាំងបែបនេះ៕
ដោយ ៖ វឌ្ឍនា