ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានថ្លែង «អបអរសាទរការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ តាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា»
លោកបន្តថា, បើទោះបីជាក្នុងឆ្នាំ២០២២នេះរាជរដ្ឋាភិបាលកម្ពុជាសម្រេចមិនប្រារព្វពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែថ្នាក់ជាតិនៅរាជធានីភ្នំពេញ ប៉ុន្តែតាមបណ្តាខេត្តនៅតែអាចបន្តរៀបចំពិធីជាប្រពៃណី ទំនៀមទំលាប់នេះឡើងតាមមូលដ្ឋានរៀងៗខ្លួន។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា, ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ពិតជាបានឆ្លុះបញ្ជាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព និងសុខទុក្ខរបស់ប្រជាជនជាចម្បង តាមរយៈការបន្តគិតគូរលើការគ្រប់គ្រងស្ថានភាពកូវីដ១៩ ខណៈវិបត្តិនេះនៅតែបន្តមាន (បើទោះបីជាស្រាកស្រាន្ត) ហើយនៅតែជាកង្វល់របស់ថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋគ្រប់ៗរូប។ ម្យ៉ាងទៀតសោត ជាមួយនឹងការសម្រេចខាងលើ រាជរដ្ឋាភិបាលកម្ពុជា ក៏បានវាយតម្លៃស្ថានការណ៍គ្រប់ជ្រុងជ្រោយ ស្របពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយនឹងមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ នាពេលដ៏ខ្លីក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
លោកថ្លែងថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំតាមមូលដ្ឋានខេត្តទាំងអស់ ដែលបាន និងបានកំពុងគិតគូររៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដើម្បីអនុញ្ញាតអោយប្រជាពលរដ្ឋចូលរួម បង្កើតភាពសប្បាយរីករាយក្នុងមូលដ្ឋាននាឱកាសពិធីបុណ្យប្រពៃណីជាតិយើង។ ជាមួយគ្នានេះ សូមលើកទឹកចិត្តដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចូលរួមតាមមូលដ្ឋានរបស់ខ្លួនឱ្យបានច្រើនកុះករ ហើយសូមបន្តរក្សាការពារ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងសុខមាលភាពខ្លួន ព្រមទាំងក្រុមគ្រួសារជានិច្ច ជាពិសេសស្របពេលស្ថានភាពកម្រិតទឹកភ្លៀងទៅបន្តឡើង-ចុះ ហើយម្យ៉ាងជំងឺកូវីដ១៩ នៅតែមានវត្តមាននៅឡើយ ៕
ដោយ : សិលា