ភ្នំពេញ ៖ ដើម្បីឈានឆ្ពោះទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូខាងមុខនេះ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន រួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានចុះអប់រំផ្សព្វផ្សាយស្តីពី «ការបង្កើនការយល់ដឹង ការបង្ការ ការចម្លងមេរោគអេដស៍ ក្នុងចំណោមនិស្សិត» ជូនដល់និស្សិត-យុវជននៃសាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ២២៣នាក់។
ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ព្រមទាំងអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រងសាកលវិទ្យាល័យ និស្សិត យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក យុវជនកាយរឹទ្ធិជាតិកម្ពុជា និងនិមន្តចូលរួមពីព្រះសង្ឃ ហើយដែលធ្វើបទឧទ្ទេសនាមដោយ សមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។
ការអប់រំផ្សព្វផ្សាយនាថ្ងៃនេះ បានបង្ហាញពីទិដ្ឋភាពទូទៅនៃការឆ្លងមេរោគអេដស៍នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះជាពិសេសក្រុមប្រឈមខ្ពស់ និងបង្កើនការយល់ដឹងដល់យុវជន-និស្សិត ស្តីពីហានិភ័យ និងការបង្ការការចម្លងមេរោគអេដស៍ ព្រោះថាយុវជន-និស្សិត គឺជាកោសិកាសង្គមយ៉ាងសំខាន់ ជាអ្នកផ្សព្វផ្សាយដល់មជ្ឈដ្ឋានដទៃទៀត ក្នុងការចូលរួមទប់ស្កាត់ការចម្លងមេរោគអេដស៍ ចូលរួមជាចរន្តជាតិដើម្បីឈានឆ្ពោះទៅ បញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥៕
ដោយ : សិលា