សហគមន៍អឺរ៉ុបបានបង្កើនការហ្វឹកហ្វឺនដល់កម្លាំងទាហានអ៊ុយក្រែនដើម្បីប្រើប្រាស់អាវុធ ដែលលោកខាងលិចផ្តល់ជំនួយ។ ក្នុងពេលនេះដែរ អាមេរិក អាល្លឺម៉ង់ បារាំង កាណាដា អង់គ្លេស… បានប្រកាសផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។
កិច្ចព្រមព្រៀងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនត្រូវបានប្រទេសជាសមាជិក២៧ប្រទេសឯកភាពគ្នានៅទីក្រុងបែលហ្ស៊ិកកាលពីថ្ងៃទី ១២ខែតុលា ហើយគម្រោងផ្តល់ជំនួយអាវុធនឹងត្រូវអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអឺរ៉ុបនៅថ្ងៃទី១៧ខែតុលាខាងមុខ ក្នុងទីក្រុង Luxembourg ។
នៅពេលនេះអង់គ្លេសបានឱ្យដឹងថា ខ្លួននឹងបរិច្ចាគគ្រាប់មីស៉ីលការពារដែនអាកាសដែលមានសមត្ថភាពបាញ់ទម្លាក់មីស៉ីលគ្រូស (cruise) សម្រាប់អ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងកៀវ និងទីក្រុងផ្សេងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉ាឡេស (Ben Wallace) បានប្រកាសពីការគាំទ្រថ្មីខាងលើនេះនៅមុនកិច្ចប្រជុំរបស់អង្គការ NATO ក្នុងទីក្រុងប៊្រុចសែល។ ចក្រភពអង់គ្លេសនឹងផ្តល់មីស៊ីលរយៈចម្ងាយមធ្យកម្រិតខ្ពស់ឬ AMRAAM ក្នុងប៉ុន្មានសប្តាហ៍ខាងមុខទៀត ដែលទីក្រុងកៀវអាចយកទៅប្រើប្រាស់ជាមួយប្រព័ន្ធការពារដែនអាកាស NASAMS ដែលសន្យាផ្តល់ដោយសហរដ្ឋអាមេរិក។ ជាមួយគ្នានេះមីស៉ីលការពារដែនអាកាសរាប់រយ ដើមនៃប្រភេទផ្សេងៗគ្នាទៀតក៏នឹងត្រូវផ្តល់ឱ្យអ៊ុយក្រែនរួមជាមួយនឹងយន្តហោះដ្រូន និងកាំភ្លើងធំផងដែរ។
បណ្ដាប្រទេសលោកខាងលិច បានថ្កោលទោសរុស្ស៉ី ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ជាពិសេសការវាយប្រហារតាមអាកាសចុងក្រោយបង្អស់របស់រុស្ស៊ី ខណៈដែលទីក្រុងកៀវកំពុងស្នើសុំឱ្យសម្ព័ន្ធមិត្តបញ្ជូនប្រព័ន្ធការពារដែនអាកាសមកបន្ថែម៕ ដោយ៖ ធីរីណា
រូបថត៖ AP/TTXVN
រូបថត៖ Reuters
រូបថត៖ Caitlin Russell