វៀតណាម ៖ បើយោងតាមប្រភពពី ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា, អនុវត្តផែនការសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ២០២២ នៅព្រឹកថ្ងៃពុធទី១២ ខែតុលា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯកបំរ៉ុង លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ រវាងកងកម្លាំងនគរបាល នៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម នៅសណ្ឋាគារ Melia Vinpearl ខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
កិច្ចប្រជុំបានដំណើរការតាមកម្មវិធី និងរបៀបវារៈដែលបានគ្រោងទុក ដោយភាគីទាំងពីរបានផ្លាស់ប្តូរខ្លឹមសារ និងបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាល នៃខេត្តជាប់ព្រំដែនប្រទេសទាំងពីរ ចូលរួមចំណែកជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការគ្រប់វិស័យបន្ថែមទៀតរវាង កម្ពុជា-វៀតណាម និយាយជារួម និងនិយាយដោយឡែក រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ជាពិសេសការធានាសន្តិសុខ សណ្តាប់ធ្នាប់តំបន់ព្រំដែនរវាងប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំភាគីទាំងពីរ បានឯកភាពគ្នាតាមខ្លឹមសារដូចខាងក្រោម៖
១. បន្តរួមចំណែកលេីកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី ដោយផ្តោតលើកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
២. បង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធ ការបំពុលសភាពការណ៍ ក្នុងឧបាយកលញុះញង់ បំផុសបំផុល បោកបញ្ឆោតប្រជាពលរដ្ឋនៅភូមិសាស្រ្តបណ្តាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ។
៣. បង្កើនការល្បាត ត្រួតពិនិត្យ ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនឱ្យគោរពឯករាជ្យ អធិបតេយ្យជាតិ ច្បាប់ ទំនៀមទម្លាប់ប្រពៃណីនៃប្រទេសនីមួយៗ គោរពប្រតិបត្តិលក្ខន្តិកៈគ្រប់គ្រងព្រំដែន ឱ្យបានហ្មឺងម៉ាត់ រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
៤.ជម្រុញសកម្មភាពឃោសនាបំផុសប្រជាពលរដ្ឋនៅតំបន់ព្រំដែនឱ្យចូលរួមក្នុងចលនាបង្ការ ប្រឆាំងបទល្មើសឆ្លងដែន សំដៅធានាសុវត្ថិភាព សន្តិសុខតាមបណ្តាភូមិ ឃុំ ស្រុកនៃខេត្តជាប់ព្រំដែនទាំងសង្ខាង។
៥. ជម្រុញ និងបង្កើនកិច្ចសហការជាមួយកងកម្លាំងមានសមត្ថកិច្ចនៅតំបន់ព្រំដែន នៃប្រទេសទាំងពីរក្នុងការស្វែង និងទប់ស្កាត់មុខសញ្ញាបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ មុខសញ្ញា បទល្មើសគ្រឿងញៀន បណ្តាសកម្មភាពចាត់តាំង មេខ្យល់ និងខ្សែរយៈពួកឧក្រិដ្ឋជនលួចនាំមនុស្សឆ្លងដែន ខុសច្បាប់ បណ្តាសកម្មភាពល្បែងស៊ីសងខុសច្បាប់ ជួញដូរមនុស្ស និងពលកម្មដោយបង្ខំ។ល។
៥. បន្តពង្រឹងយន្តការដែលមានស្រាប់ និងបង្កើតប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ រវាងស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរ ឬទទួលព័ត៌មានដោះស្រាយហេតុការណ៍យថាហេតុប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
៦. បន្តរៀបចំកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន រវាងកងកម្លាំងនគរបាលជាតិកម្ពុជា និងកងកម្លាំងនគរបាលប្រជាជនវៀតណាមតាមរបៀបប្តូរវេន និងតាមការសម្រេចរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ។
ចុងក្រោយប្រធានគណៈប្រតិភូនៃភាគីទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅខេត្តតៃនិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ជាភាសាខ្មែរ និងភាសាវៀតណាម។ កិច្ចប្រជុំបានបញ្ចប់ក្រោមបរិយាកាសសោមនស្សរីករាយ ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការ៕
ដោយ : សហការី