ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ កំណាត់ផ្លូវ២ខ្សែ បានជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) រួចរាល់នៅថ្ងៃទី១៣តុលានេះហើយ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចការងារ ជួសជុលកំណាត់ផ្លូវចំនួន២ខ្សែ នោះគឺកំណាត់ផ្លូវជាតិលេខ២និងកំណាត់ផ្លូវស៊ីសុវត្ថិ ដែលក្រុមការងារ នៃមន្ទីរសាធារ ណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអនុវត្ដ តាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) រួចរាល់ហើយនៅថ្ងៃទី១៣តុលានេះ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃ១៣ តុលា ២០២២នេះថា៖ អនុវត្តតាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១តុលាកន្លងមកនេះ ក្រុមការងារនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបើកការរដ្ឋានជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) លើកំណាត់ផ្លូវជាតិលេខ២ មានប្រវែង៤គីឡូម៉ែត្រកន្លះ ទទឹង១៨ម៉ែត្រ ដោយចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយ៍ (ព្រំប្រទល់ភ្នំពេញនឹងខេត្តកណ្ដាល) ។ ចំពោះការដ្ឋានមួយនេះបានបញ្ចប់កាលពីថ្ងៃ៣០កញ្ញាឆ្នាំ២០២២និងពេលនេះក្រុមការងារបាននិងកំពុងអ៊ុតគំនូសចរាចរ។ ចំណែកកំណាត់ផ្លូវស៊ីសុវត្ថិវិញ បានអនុវត្តការងារចាប់ពីគល់ស្ពានជ្រោយចង្វាដល់វង្វង់មូលសម្តេចសង្ឃជួនណាត ដោយធ្វើការជួសជុលនិងអ៊ុតកៅស៊ូ (AC) ហើយការងារនេះបញ្ចប់នៅថ្ងៃទី១៣តុលានេះហើយ។

  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា គម្រោងនៃការជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) នៅលើកំណាត់ផ្លូវទាំង២ខ្សែនេះ គឺស្ថិតក្នុងគម្រោងជួសជុលផ្លូវទាំង៥៦ខ្សែរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញកាន់តែស្អាតនិងទាក់ទាញផងដែរ។

   សូមបញ្ជាក់ថា៖ អភិបាលរាជធានីភ្នំពេញលោក  ឃួង ស្រេង កាលពីព្រឹកថ្ងៃទី២៩សីហា ២០២២កន្លងមកនេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដី ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់សង្រែលើនិងអង្រែក្រោមខណ្ឌមានន័យ ហើយកាលណោះ លោកអភិបាលរាជធានីបានណែនាំអោយមន្ត្រីជំនាញនិងអាជ្ញាធរដែនដី រៀបចំសណ្តាប់ធ្នាប់សាធា រណៈផ្លូជាតិលេខ២នេះអោយបានល្អ ដោយមិនអោយមានការលក់ដូររំលោភ យកចិញ្ចើមផ្លូវសាធារណៈ និងជួសជុលមើលថែផ្លូវ ក្រលុកសំបុកមាន់ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបានស្រួល លុះមកដល់ថ្ងៃទី០១ កញ្ញាឆ្នាំ២០២២ការដ្ឋានជួលជុលគ្រឹះនិងនិងអ៊ុតកៅស៊ូ (AC) លើកំណាត់ផ្លូវ១ខ្សែនេះបានចាប់ផ្តើមតែម្តង៕

ដោយ ៖ សំរិត


ចែករំលែក៖