ក្រុមបិសាចក្រហម Manchester United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Omonia Nicosia សម្រាប់ការប្រកួត UEFA Europa League នៅទឹកដី Old Trafford នារាត្រីថ្ងៃព្រហស្បតិ៍នេះជាមួយនឹងការសម្លឹងរកជ័យជម្នះដើម្បីប្រជែង៣ពិន្ទុក្នុងពូល E និងប្រជែងយកលេខ១ក្នុងពូលផងដែរ។
Manchester United បានឈ្នះការជួបគ្នាក្នុងវគ្គចែកពូលដំបូងកាលពីសប្តាហ៍មុនក្នុងលទ្ធផល ៣-២ លើក្រុម Omonia Nicosia នៅកីឡដ្ឋានNeo GSP។ ៣គ្រាប់របស់ Man Utd រកបានដោយ Marcus Rashfordរកបាន២គ្រាប់ដោយស៊ុតបញ្ចូលទីនៅនាទីទី៥៣ និង៨៤ និង Anthony Martial រកបាន១គ្រាប់។ ចំណែកក្រុមកីឡាករ Karim Ansarifard និង Nikolas Panagiotou ជាអ្នករកបានម្នាក់១គ្រាប់ឲ្យក្រុម OmoniaNicosia ។
ក្រុម Manchester United កំពុងឈរលេខ២ក្នុងពូល មាន៦ពិន្ទុ ខណៈដែលក្រុម Omonia មិនទាន់មានពិន្ទុសោះកំពុងឈរលេខ៤ ខណៈដែលក្រុម Real Sociedad កំពុងឈរលេខ១ក្នុងពូលមាន៩ពិន្ទុ និងត្រូវប៉ះក្រុម Sheriff ដែលស្ថិតនៅលេខ៣មាន៣ពិន្ទុនៅរាត្រីថ្ងៃនេះដែរ។
កីឡាករក្រុម Manchester United គឺ Rashford ជាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងការប្រកួត Europa League។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេដោយរកបាន២គ្រាប់ ដែលត្រូវបានជាប់ចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្នក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតក្នុងឆ្នាំ ២០២២-២០២៣នេះ។ សម្រាប់ខ្សែប្រយុទ្ធឈានមុខគេរបស់ក្រុម Omonia Nicosia គឺ Ansarifard, Bruno Felipe និង Panagiotou ដែលជាអ្នកស៊ុតបញ្ចូលទីបានម្នាក់១គ្រាប់ក្នុងការប្រកួត Europa League រដូវកាលនេះ។
ក្រុមម្ចាស់ផ្ទះ Manchester United បានចាញ់ការប្រកួត Europa League មួយប្រកួតនៅលើទឹកដីខ្លួនឯងក្នុងរដូវកាលនេះ ខណៈដែលក្រុម Omoniaបានចាញ់ក្នុងការប្រកួត Europa League ក្នុង៣ប្រកួតជាប់ៗគ្នា។
ក្នុងការប្រកួត៦លើកចុងក្រោយសម្រាប់ការប្រកួតទាំងអស់ Manchester United ឈ្នះ៤ និងចាញ់២។ ក្រុមនេះបានស៊ុតបាល់បញ្ចូលទី១៣គ្រាប់និងរបូត១១គ្រាប់។ ចំណែកក្រុម Omonia ឈ្នះ២ និងចាញ់៤ក្នុង៦ប្រកួតចុងក្រោយ។ ក្រុមនេះបានស៊ុតបាល់បញ្ចូលទី១០គ្រាប់ និងរបូតវិញ៨គ្រាប់។
ក្រុមទាំង២នឹងត្រូវប៉ះគ្នានៅវេលាម៉ោង២រំលងអធ្រាត្រថ្ងៃព្រហស្បតិ៍នេះម៉ោងនៅកម្ពុជា។ បច្ចុប្បន្នក្រុមបិសាចក្រហម Manchester United កំពុងឈរលេខ៥នៅ Premier League ខណៈដែលក្រុម Omonia កំពុងឈរលេខ៦នៅលីគកំពូល Division 1 នៃប្រទេសសាយប្រ៊ូស ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)