ព័ត៌មានទាន់ហេតុការណ៍៖

សង្គ្រាមលោកលើកទីបីនឹងផ្ទុះឡើងប្រសិនបើណាតូដាក់បញ្ជូលអ៊ុយក្រែននោះ

ចែករំលែក៖

អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Alexander Venediktov បានប្រកាសថា ប្រសិនបើណាតូដាក់បញ្ជូលអ៊ុយក្រែនជាសមាជិកនោះ សង្គ្រាមលោកលើកទីបីនឹងកើតឡើងជាមិនខាន ហើយប្រទេសសម័្ពន្ធមិត្តយោធាដឹកនាំដោយអាមេរិកបានដឹងយ៉ាងច្បាស់ពីករណីនោះ។
កាលពីចុងខែកញ្ញា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា ប្រទេសរបស់លោកបានជំរុញសុំចូលជាសមាជិកណាតូឱ្យបានឆាប់បំផុត ។ សកម្មភាពខាងលើរបស់អ៊ុយក្រែនកើតឡើងក្រោយពេលដែលប្រធានាធិបតីរុស្ស៊ី រៀបចំពីធីដាក់បញ្ចូលខេត្តចំនួន៤របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
ក្នុងបទសម្ភាសន៍ជាមួយ TASS លោក វេណេឌីកតូវ បានគូសបញ្ជាក់ថា «ទីក្រុងកៀវដឹងយ៉ាងច្បាស់ថា ជំហានបែបនេះនឹងធានានូវការកើនឡើងកម្តៅឈានទៅដល់សង្រ្គាមលោកលើកទី៣។ ជាក់ស្តែង នោះហើយជាអ្វីដែលពួកគេកំពុងរំពឹងចង់បាន គឺដើម្បីបំពុលព័ត៌មាន និងទាញការយកចិត្តទុកដាក់មកលើពួកគេ»។ លោក វេណេឌីកតូវ ក៏បានលើកឡើងម្តងទៀតនូវជំហររបស់រុស្ស៊ីចំពោះលោកខាងលិចថា តាមរយៈការជួយអ៊ុយក្រែន រុស្ស៉ីនឹងចាត់ទុកពួកគេគឺជាភាគីផ្ទាល់នៃជម្លោះ។
ថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចេញសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលមួយ គឺការដាក់ពាក្យជាផ្លូវការដើម្បីសុំចូលជាសមាជិករបស់បក្ខសម្ព័ន្ធយោធាណាតូ បន្ទាប់ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី ធ្វើពិធីប្រកាសដាក់បញ្ចូលទឹកដីចំនួន៤ផ្នែករបស់អ៊ុយក្រែនជាទឹកដីរុស្ស៊ី៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ Vietnamnet)


ចែករំលែក៖