ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសប្រគល់ភារកិច្ចប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម លោក ខាយ ឃុនហេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់ភារកិច្ច លោក ផេង វ៉ា ជាប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ចាម ជំនួសលោក កែវ វុឌ្ឍី ដែលបានចូលនិវត្តន៍។ កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោក ជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មន្ត្រីរាជការនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងមន្ត្រីរាជការនៃបណ្តាមន្ទីរ-អង្គភាព ជុំវិញខេត្ត។

នៅក្នុងឱកាសនោះដែរ លោក ផេង វ៉ា ដែលទើបទទួលបានការតែងតាំងថ្មី បានថ្លែងអំណរគុណ និងបានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការបំពេញការងារ និងបន្តជំរុញការអនុវត្តការងារឲ្យរឹតតែប្រសើរឡើងថែមទៀត បម្រើនិងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់។

បនបន្ថែមលេីនេះលោកអភិបាលខេត្ត​ បានណែនាំ​ ដល់ប្រធានមន្ទីរថ្មី​ (១).ត្រូវបន្តនិរន្តរភាពការងារ​ និងត្រូវរក្សាសាមគ្គីភាព​ មិត្តភាព​ តម្លាភា​ព​ គណនេយ្យភាពផ្ទៃក្នុងឱ្យបានល្អ​ (២).​ត្រូវមានការសហការជាមួយអង្គភាពជុំវិញខេត្ត​ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ (៣).ត្រូវមានរបៀបរបបការងារឱ្យបានត្រឹមត្រូវតាមប្រកាសនិងសេចក្តីណែនាំ​ (៤).ត្រូវបន្តយុទ្ធសាស្ត្រអភិវឌ្ឍវិស័យប្រៃសណីយ៍​ ទូរគមនាគមន៍​ និងបច្ចេកវិទ្យាគមនាគមន៍​ (៥).ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសុដុមនីយកម្ម​ (៦).ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលសមត្ថភាពមន្ត្រីរាជការក្រោមឱវាទ​ និង(៧).ត្រូវយកចិត្តទុកដាក់ថែរក្សាសោភណ្ឌភាព​ អនាម័យក្នុងបរិវេណមន្ទីរ។

ថ្លែងនៅក្នុងឱកាសនោះ​ លោករដ្ឋលេខាធិការ​ ខាយ​ ឃុនហេង​ បានមានប្រសាសន៍ថា​ បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ដឹកនាំដោយ​ លោករដ្ឋមន្ត្រី​ ជា​ វ៉ាន់ដេត​ បា​នធ្វើការកែទម្រង់លេីការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន​ ជាពិសេសបង្កើនសមត្ថភាពរបស់មន្ត្រីរាជការ​ ដោយបានជំរុញការបណ្តុះបណ្តាលផ្ទៃក្នុងបន្ទាប់ពីមានយន្តការធ្វើតេស្តវាស់វែងចំណេះដឹង រួចបង្កើតវគ្គសិក្សាបំពេញបន្ថែមដើម្បីឱ្យមន្ត្រីអាចអនុវត្តការងារប្រចាំថ្ងៃមានប្រសិទ្ធភាពប្រកបដោយប្រសិទ្ធផល​ ស្របជាមួយ​យន្តការរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល២០២១-២០៣៥​ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ និងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍២០២២-២០៣០។

ជាមួយគ្នានោះ​ លោករដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍ និងគន្លឹះដើម្បីជំរុញឱ្យវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន​ កាន់តែទទួលបានជោគជ័យថ្មីៗថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ​​ បានមានប្រសាសន៍ផ្តាំផ្ញើរដល់លោកប្រធានមន្ទីរដែលទើបបានតែងតាំង សូមមានស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចការងារប្រចាំថ្ងៃឱ្យបានល្អនិងសូមធ្វើការដោយមានកិច្ចសហការជាមួយថ្នាក់ដឹកនាំតាមឋានានុក្រមដើម្បីបង្កើននូវទំនាក់ទំនងល្អ បង្កើនបទពិសោធន៍ និងចំណេះដឹងវិជ្ជាជីវៈថ្មីៗ និងធ្វើខ្លួនឱ្យបានជាគម្រូល្អដល់មន្រ្តីថ្នាក់ក្រោម ដោយភាពវៃឆ្លាត ចេះអធ្យាស្រ័យផ្ទៃក្នុង មានវិន័យសេចក្ដីថ្លៃថ្នូរ មិនធ្វើឱ្យអាប់ឱនកិត្តិយសដល់ខេត្ត ដល់ក្រសួង និងរដ្ឋាភិបាល ដែលបានប្រគល់សេចក្ដីទុកចិត្តជូនដល់លោក ៕

ដោយ ៖ សហការី


ចែករំលែក៖