ព័ត៌មានទាន់ហេតុការណ៍៖

ពិធីអភិសេកឆ្លងសមិទ្ធផលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧,សម្ដេចសង្ឃ ជូន ណាតនិងអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចន្ទ្រា ដែលចំណាយការសាងសង់អស់ជាង ១ ម៉ឺនដុល្លារ ជាអំណោយរបស់សប្បុរសជន

ចែករំលែក៖

ខេត្តស្វាយរៀង៖ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជូន ណាត(ជោតញ្ញាណោ) និងរូបសំណាកអ្នក ភិរម្យភាសាអ៊ូ ហៅង៉ុយនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចន្ទ្រា ដែលជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោក លីយូគៀក ទីប្រឹក្សាសម្ដេចពញាចក្រីហេង សំរិនប្រធានរដ្ឋសភា ត្រូវបានធ្វើពិធីចម្រើនព្រះបរិត្តនិងអភិសេកឆ្លង នារសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២២ ដោយមានការចូលរួមពីលោកថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា លោកលោកស្រី អភិបាលរងស្រុក មន្ត្រីរាជការ លោកនាយកសាលាវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ចន្ទ្រា លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើនអ្នកផងដែរ។

បើតាមលោកចក់ ចំរើន នាយកវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ចន្ទ្រា បានឲ្យដឹងថា សាលារៀនវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែន ចន្ទ្រា ស្ថិតនៅក្នុងភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានឈ្មោះដើមអនុវិទ្យាល័យសុរាម្រិតកសាងនៅឆ្នាំ ១៩៦៦ ដោយនៅឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៨ ជាឃ្លាំងដាក់គ្រាប់និងអាវុធរបស់ទាហានប៉ុលពត ក្រោយជ័យជំនះ ៧ មករាឆ្នាំ ១៩៧៩ នៅឆ្នាំ១៩៨២ សាលាបានបើកទ្វារបង្រៀនឡើងវិញដោយមានឈ្មោះថា សាលាកម្រិតសិក្សាទី ២ ស្រុកចន្ទ្រា  បន្តមកនៅឆ្នាំ ២០០៥ សាលាបានបង្កើតនៅវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែនចន្ទ្រា ។

លោកបានបញ្ជាក់ថា សាលាបានទទួលការឧបត្ថម្ភពីសប្បុរសជននានាកន្លងមកមានទាំងថវិកាសម្ភារៈស្មារតីទ្រទ្រង់ជាហូរហែ។

តែលុះឆ្នាំ២០២២នេះ សាលាបានទទួលការឧបត្ថម្ភទ្រទ្រង់ធំមានរូបសំណាកចំនួន៣គឺ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជូន ណាត(ជោតញ្ញាណោ) និងរូបសំណាកអ្នក ភិរម្យភាសាអ៊ូ ហៅង៉ុយ ដែលមានតម្លៃសរុបជាង ១ ម៉ឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក លី យូគៀក។

បើតាមលោក លី យូគៀក បានឲ្យដឹងថា ការកសាងរូបសំណាកទាំងបីនេះឡើង ដើម្បីបំផុសឲ្យសិស្សានុសិស្សបានស្គាល់ បានដឹងបន្ថែមទៀតអំពីរូបសំណាក កិត្តិនាមនិងស្នាព្រះហស្ថដ៏ល្បីល្បាញនិងអ្នកប្រាជ្ញខ្មែរ ដែលប្រជាពលរដ្ឋទូទៅចងចាំមិនភ្លេចនូវគុណឧបការៈដ៏ថ្លៃថ្លារបស់ឥស្សរជនឆ្នើមទាំងបីរូបរួមមាន៖ ទី១.ព្រះបាទជ័យវរ្ម័នទី៧គឺជាមហាក្សត្រដែលមានឫទ្ធិអំណាចខ្លាំងក្លាក្នុងចំណោមព្រះរាជា ក្នុងសម័យអង្គរ ។ ដោយសារតែលទ្ធិបារមីក្នុងការដឹកនាំប្រទេសរបស់ទ្រង់នេះហើយ ទើបបានជាធ្វើឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ដោយមិនអាចបំភ្លេចបានអំពីស្នាព្រះហត្ថដ៏ល្បីល្បាញរបស់ព្រះអង្គ។

លោកបានបន្តថា ទី២ សម្ដេចព្រះសង្ឃរាជ ជួន ណាត គឺ​ជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​មួយ​រូប ល្បីល្បាញ​ក្នុង​អំឡុង​សហស្សវត្ស​ទី​១៩៥០ ដល់​១៩៦០ ដោយ​ព្រះអង្គ បាន​បង្កើត​ស្នាដៃ​និពន្ធ​ជា​ច្រើន ក្នុង​នោះ​រួមមាន​វចនានុក្រម​ខ្មែរ​ជា​ដើម។

វចនានុក្រម​នោះ​បាន​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ខ្មែរ​ប្រើប្រាស់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ស្នាព្រះហស្ត​ទាំង​នោះ​នៅ​តែ​បាន​ដក់​ជាប់​ព្រម​ទាំង​មាន​ការ​កោត​សរសើរ​យ៉ាង​ក្រៃលែង ពី​សំណាក់​ពុទ្ធបរិស័ទ​ ប្រជា​ពលរដ្ឋ​កូន​ចៅ​ខ្មែរ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ដោយហេតុ គេ​ឃើញ​ថា​ស្នាព្រះហស្ត​អស់​ទាំង​នោះ គឺ​មាន​សារៈសំខាន់ និង​មាន​ប្រយោជន៍​ក្នុង​ការ​ជួយ​ដល់​ការ​សិក្សាទាំង​ផ្លូវ​លោក ​និង​ផ្លូវធម៌។

ទី៣.អ្នកភិរម្យភាសា អ៊ូ ហៅង៉ុយ ជាបុគ្គលឧស្សាហ៍ព្យាយាមរៀនសូត្រ ដែលគេទទួលស្គាល់ថា ជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរមួយរូប  រហូតដល់ហ្លួងព្រះស៊ីសុវត្ថិ ប្រទានគោរម្យងារជា “ក្រមង៉ុយ” ពេលបម្រើការងារនៅក្រុមភ្លេងព្រះរាជទ្រព្យក្នុងព្រះបរមរាជវាំង។កវីវោហារសព្ទមិនចេះរីងស្ងួតរូបនេះ បានបង្កើតស្នាដៃច្រៀងផ្ទាល់មាត់ជាច្រើន ដូចជាច្បាប់ល្បើកថ្មី, ច្បាប់កេរកាលថ្មី, សេចក្តីរំលឹកដាស់តឿន, ច្បាប់ប្រដៅជនប្រុសស្រី, បណ្ដាំក្រមង៉ុយ, ក្រៅពីនេះមានស្នាដៃជាច្រើនទៀត។

បន្ថែមលើសពីនេះលោកសូមផ្តាំផ្ញើរដល់កូនចៅខ្មែរជំនាន់នេះ និងក្រោយៗទៀត មេត្តាចងចាំ នូវកេរ្តិ៍ឈ្មោះរបស់លោកទាំង៣ដែលបានកសាងរូបសំណាកនេះ ក៏ដូចជាស្នាដៃជាច្រើនរបស់លោក និងបុព្វបុរសខ្មែរផ្សេងៗជាច្រើនទៀត ដែលបានចំណាយពេលវេលា កម្លាំង កាយចិត្ត ដើម្បីប្រជាជាតិខ្មែរយើងផងដែរ។

ជាមួយគ្នានេះ លោក បានថ្លែងផ្ដាំផ្ញើដល់លោកគ្រូអ្នកគ្រូ ត្រូវខិតខំបង្រៀនសិស្សានុសិស្សឲ្យបានល្អបន្ថែមទៀត ដើម្បីឲ្យសិស្សទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ក្លាយខ្លួនជាទំពាំងស្នងឬស្សីនៃប្រទេសជាតិមានដ៏រឹងមាំ ក្រោមម្លប់សុខសន្តិភាពនិងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

នៅក្នុងឱកាសនោះលោក លី យូគៀក ក៏បានប្រគេនបច្ច័យនិងថវិកាមួយចំនួនដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូសិស្សានុសិស្សដែលសរុបថវិកាអស់១.៧០០ដុល្លារផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖