ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១១ និង០០នាទី បន្ទាប់ពីទទួល បានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី លួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដេីមស្វាយ ស្ថិតក្នុងភូមិសណ្ដែក ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។
ជាលទ្ធផលបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់គឺ៖
១-ឈ្មោះ ញិល ថេត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។
២-ឈ្មោះ វ៉ន វឿន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ នៅភូមិសណ្ដែក ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។
៣-ឈ្មោះ ម៉ុន ភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិដូនតោ ឃុំសំពងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន ÷
១-ប្រាក់រៀលចំនួន ៩៨,០០០រៀល (ប្រាំបួនម៉ឺនប្រាំបីពាន់រៀល)
២-ទូរស័ព្ទដៃចំនួន០២គ្រឿង
៣-ស្កុតរំខ្នាយមាន់ចំនួន០៦គូ
៤-ម៉ូតូចំនួន០១គ្រឿង(ប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលសំពងជ័យរក្សាទុក)
បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជាលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕
ដោយ ៖ វណ្ណៈ