ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលសង្កាត់អណ្តូងខ្មែរចុះធ្វើអនាម័យនិងបានប្រមូលសំរាមដែលប្រជាពលរដ្ឋបានបោះចោលយ៉ាងអនាធិបតេយ្យ

ចែករំលែក៖

  ខេត្តកំពត៖ ដោយមានការណែនាំពីលោកចៅសង្កាត់អណ្តូងខ្មែរនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ក្រុមការងាររដ្ឋបាលសង្កាត់អណ្តូងខ្មែរបានចុះធ្វើអនាម័យនិងបានប្រមូលសំរាមដែល ប្រជាពលរដ្ឋបានបោះចោលយ៉ាងអនាធិបតេយ្យ ស្ថិតនៅក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ត្រង់ចំណុចផ្លូវបេតុង ចំណតទូកទេសចរណ៍ ។

  អាជ្ញាធរសង្កាត់បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមយល់ដឹង និងឈប់បន្តចោលសំរាមពាសវាលពាសកាលទៀតទៅ ព្រោះធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសោភណភាពទីក្រុងរបស់យើង។ ដូច្នេះហើយ រដ្ឋបាលសង្កាត់សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ឱ្យបានជ្រាបថា រដ្ឋបាលសង្កាត់នឹងដាក់កាមេរ៉ាសុវត្តិភាពដើម្បីមើលពីសកម្មភាពរបស់បងប្អូនណាដែលនៅតែយកសំរាមមកបោះចោលនៅទីនេះ។

    រដ្ឋបាលសង្កាត់អណ្តូងខ្មែរក៏បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ក្រោយពីអាជ្ញាធរជូនដំណឹងនិងដាក់កាមេរ៉ារួចរាល់ហើយនោះប្រសិនបើបងប្អូននៅតែបន្តបោះសំរាមចោលទៀតនោះ រដ្ឋបាលសង្កាត់នឹងចាត់វិធានការទៅតាមផ្លូវច្បាប់តាមអនុក្រឹត្យលេខ១១៣ របស់ក្រសួងបរិស្ថាន ជាក់ជាពុំខាន៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖