ព័ត៌មានទាន់ហេតុការណ៍៖

សត្វគោ សត្វក្របីរបស់ប្រជាពលរដ្ឋ ប្រជាកសិករគ្រប់រូបនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនទទួលបានចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងជំងឺដុំពកស្បែក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ លោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលខេត្តកំពង់ធំ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ជំងឺអុតក្តាម និងជំងឺដុំពកស្បែកលើ សត្វគោក្របីជូនប្រជាពលរដ្ឋនៅក្នុងភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ។

       លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឲ្យដឹងថា នៅក្នុងខេត្តមានសត្វគោក្របីសរុបជាង ២១ម៉ឺនក្បាល ទូទាំងខេត្តកំពង់ធំ ដោយឡែកនៅក្នុងថ្ងៃនេះយើងនឹងចាក់វ៉ាក់សាំងសត្វគោក្របីជូនប្រជាពលរដ្ឋនៅក្នុងភូមិសង្កាត់ខាងលើនេះ ចំនួន ៥០០ក្បាល ក្នុងថ្ងៃនេះ ហើយមន្ត្រីជំនាញនៅតែបន្តចាក់ជូនម្ចាស់សត្វពាហនៈទាំងអស់នោះទាល់តែអស់ ។

      នៅក្នុងឱកាសនោះលោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវ ដល់ប្រជាកសិករយើងទាំងអស់ត្រូវនាំយកសត្វគោ សត្វក្របីមកចាក់វ៉ាក់សាំង ក្នុងយុទ្ធនាការនេះឲ្យបានទាន់ពេលវេលា និងត្រូវយកចិត្តទុក ដាក់ព្យាបាលជំងឺសត្វគោក្របី តាមការណែនាំរបស់មន្ត្រីជំនាញ បើមានសត្វគោ ក្របីងាប់ សូមកុំបរិភោគសាច់សត្វឈឺឱ្យសោះ ដែលអាចនាំឱ្យឆ្លងរាលដាលជំងឺផ្សេងៗទៀតដល់មនុស្ស និងសត្វ នៅក្នុងមូលដ្ឋាន។

       ទន្ទឹមលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ជំងឺអុតក្តាម ជំងឺដុំពកស្បែកគោ ក្របី បង្កដោយវីរុស ដែលមានលេចចេញរោគសញ្ញាជាដុំពកតូចៗ ឬ ធំ នៅស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកម្តៅខ្លួនអាចឡើងដល់៤១អង្សារសេ។ ដុំពកនេះ អាចបង្កទៅជាក្រ មរ ហើយអាចបង្កទៅជាដំបៅ ចំពោះសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងមេផើមអាចរលូតកូន។ ជំងឺនេះ អាចបណ្តាលឲ្យសត្វងាប់បាន។ មេរោគជំងឺនេះ អាចឆ្លងតាមរយៈការប៉ះផ្ទាល់ តាមរយៈ រុយ មូស ដង្កែ តាបោម ការដឹកជញ្ជូន ចំណីសត្វ ទឹមមេជីវិត និងភ្នាក់ងារចម្លងផ្សេងៗទៀត។ មេរោគជំងឺនេះ អាចរស់នៅក្នុងក្រមរស្បែកស្ងួតរហូតដល់ ៣ខែឯណោះ។

      លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់អោយដឹងទៀតថា អាជ្ញាធរភូមិ ឃុំ ប្រជាពលរដ្ឋ ប្រជាកសិករចូលរួមជាមួយមន្ត្រីជំនាញដូចជា ៖ ១-សូមលោកមេឃុំ មេភូមិ បន្តស្រាវជ្រាវឲ្យអស់នូវគ្រួសារដែលមានសត្វ ឈឺនិងជួយផ្សព្វផ្សាយកុំឲ្យមានការចល័តគោ ក្របី ចេញក្រៅភូមិ ដើម្បីឲ្យស៊ីចំណី ឬ លក់គោដែលមានក្នុងភូមិសាស្ត្រសត្វឈឺនេះឲ្យសោះ ។ ២-សូមបងប្អូនប្រជាកសិករ ចូលរួមតាមការគិតគូរនិងស្នើសុំរបស់ថ្នាក់ដឹកនាំ សហការជាមួយមន្ត្រីជំនាញ ពិនិត្យព្យាបាលដោយមិនយកកម្រៃអ្វីទាំងអស់ ។ ៣-ក្រៅពីជំងឺនេះ សូមបងប្អូន ចូលរួមចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម និងសារទឹកឲ្យបានគ្រប់សត្វទាំងអស់ ។ ៤-សូមបងប្អូន ប្រើប្រាស់ថ្នាំទម្លាក់ព្រូន ឬ សត្វល្អិត លើសត្វគោ ក្របី ឲ្យបានទៀងទាត់ ដើម្បីឲ្យគោ ក្របី ធំធាត់បានលឿន។ ៥-សូមលាងសម្អាតគោឲ្យបានរៀងរាល់ថ្ងៃ ជាមួយនឹងទឹកសាប៊ូ ឬ ទឹកស្អាត ដើម្បីជម្រះមេរោគផងនិងធ្វើឲ្យគោត្រជាក់ខ្លួនផង និងជួយជំរុញដល់ការធំធាត់លឿនផងដែរ។ និង៦-សូមរាយការណ៍ជូនលោកមេភូមិ មេឃុំ ភ្នាក់ងារសុខភាពសត្វភូមិ ជាបន្ទាន់ ក្នុងករណីពិនិត្យឃើញថា សត្វគោ ក្របី មានអាការៈជំងឺមិនប្រក្រតីកើតឡើង។ 

       នៅក្នុងពិធីនេះដែរមន្ត្រីជំនាញក៏បានចែកថ្នាំព្យាបាល និងសម្ភារៈសម្រាប់ប្រើប្រាស់ព្យាបាលសត្វគោក្របីដល់មន្ត្រីពេទ្យសត្វស្រុក ពេទ្យសត្វឃុំ និងពេទ្យសត្វភូមិ រួមទាំងបានបង្ហាត់បង្រៀនដល់គ្រូបង្គោលតាមភូមិផងដែរ៕

ដោយ៖ កែវមន្នី


ចែករំលែក៖