ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត ៖​ កងព័ទ​ត្រូវប្រកាន់ខ្ជាប់នូវការការពារ​រាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតចំពោះចលនាខុសច្បាប់ដែលអូសទាញប្រទេសជាតិទៅរកសង្គ្រាម

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក​​ ​ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់កងពលតូចថ្មើរជើងលេខ៥៣ យោធភូមិភាគទី៥ និងពិធីសំណេះសំណាលសួរសុខទុក្ខរបស់អង្គភាពសម្ព័ន្ធមេត្រីភាព នៅខេត្តបាត់ដំបង​ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះថា​៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ត្រូវប្រកាន់ខ្ជាប់នូវការការពារនិងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវប្រឆាំងដាច់ខាត់ចំពោះចលនាខុសច្បាប់ដែលអូសទាញប្រទេសជាតិទៅរកសង្គ្រាម។

លោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​បន្តថា នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាននាំមកនូវសុខសន្តិភាព និងភាពសុខុដុមរមនាដល់សង្គមជាតិខ្មែរទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ គឺប្រាកដជាយល់ច្បាស់អំពីអត្ថន័យ និងគុណបំណាច់នេះយ៉ាងជាក់ច្បាស់ ព្រោះបានឃើញជាក់ស្តែងនូវការផ្លាស់ប្តូរប្រែមុខប្រែមាត់ពីតំបន់ដែលធ្លាប់ប្រយុទ្ធគ្នា មកជាទីតាំងពោរពេញសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។ ផ្ទុយពីនយោបាយដើម្បីតែចំណេញរបស់អ្នកនយោបាយជ្រុលនិយមមួយចំនួន ដែលតែងតែធ្វើការញុះញង់អុចអាលតាមគ្រប់រូបភាព ក្នុងបំណងនាំឱ្យមានការបែកបាក់សាមគ្គីភាព និងបង្កជម្លោះក្នុងសង្គមជាតិ ដើម្បីធ្វើយ៉ាងណាបំពេញមហិច្ឆិតានយោបាយរបស់ខ្លួន។

លោកមេបញ្ជាការកងទ័ពជើងគោក​ បានអំពាវនាវដល់កងទ័ពទាំងអស់បន្តចូលរួមថែរក្សានូវសុខសន្តិភាពនេះឱ្យបានឋិតឋេរយូរអង្វែងតជំនាន់ ព្រមទាំងប្រឆាំងដាច់ខាត់ចំពោះចលនាខុសច្បាប់ ដែលអាចបង្កើតចលាចល និងអូសទាញប្រទេសជាតិទៅរកស្ថានភាពសង្គ្រាមទ្បើងវិញ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាថា «ក្នុងនាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ភារកិច្ចអាទិភាពចម្បង គឺការពារនិងស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ដើម្បីធ្វើយ៉ាងណាថែរក្សាការពារសនិ្តភាព បូរណភាពទឹកដី សន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋ តាមរយៈការតៀមប្រុងប្រៀបជាប់ជាប្រចាំក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ដើម្បីភាពម្ចាស់ក្នុងការឆ្លើយតបទៅគ្រប់ស្ថានការណ៍យថាហេតុនានា»។

ជាមួយគ្នានោះ លោកក៏បានអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាច្រើនរបស់កងពលតូចថ្មើរជើងលេខ៥៣ រួមមានជាអាទិ៍៖ អគារស្នាក់នៅរបស់សិក្ខាកាម អគារទីបញ្ជាការកងអនុសេនាធំ ឃ្លាំងអាវុធគ្រាប់ ផ្ទះបាយគំរូ ផ្លូវគ្រួសក្រហម ផ្លូវបេតុង តារាងបាល់ទាត់ រួមនឹងហេដ្ឋារចនាសម្ពន្ធមួយចំនួនទៀតសម្រាប់បម្រើតម្រូវការការងារប្រចាំថ្ងៃរបស់អង្គភាព ក៏ដូចជាការរស់នៅនិងការហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន។

លោកបានកោតសរសើរចំពោះសមិទ្ធផលការងារទាំងឡាយដែលអង្គភាពខិតខំសម្រេចបានក្នុងរយៈកាលកន្លងមកពេលនេះ ទាំងលើការបំពេញភារកិច្ចស្នូលក្នុងការការពារបូរណភាពទឹកដី និងការសហការការពារសន្តិសុខ ស្ថិរភាពនៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រ ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។

មួយវិញទៀត អង្គភាពក៏បានយកចិត្តទុកដាក់សហការបំពេញភារកិច្ចផ្សេងៗទៀតផងដែរ ដូចជាបានចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងគ្រោះមហន្តរាយធម្មជាតិ មានខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ អគ្គិភ័យជាដើម និងបានសហការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនយោធិន គ្រួសារយោធិន អតីតយុទ្ធជន និងប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន៣ គឺបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានរតនាគារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារវឌ្ឍនៈ ក្នុងនាមជាស្ថាប័នសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរសជនទាំងអស់ដែលកន្លងមកតែងបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងសម្ភារដល់កងពលតូចថ្មើរជើងលេខ៥៣ រហូតអង្គភាពមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវការលំបាក និងតម្រូវការជាក់ស្តែងចំពោះមុខនានា ដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ បានគូសបញ្ជាក់បន្ថែមថា វប្បធម៌នៃការចែករំលែករវាងស្ថាប័ន-អង្គភាពស៊ីវិលជាមួយអង្គភាពនៃកងយោធពលខេមរភូមិន្ទ គឺជាគំនិតផ្តួចផ្តើមប្រកបដោយបញ្ញាញាណរបស់សម្តេចតេជោនាយករដ្ឋមន្តី្រ ក្នុងការបណ្តុះនូវស្មារតីមហាសាមគ្គីជាតិខ្មែរ ចូលរួមពង្រឹងវិស័យការពារជាតិ តាមរយៈការភ្ជាប់បេះដូង និងបង្កើនចំណងសាមគ្គីស្អិតល្មួតរវាងកងទ័ពជាសមរភូមិមុខ និងប្រជាជនជាសមរភូមិក្រោយ។ ចក្ខុវិស័យដ៏ថ្លៃថ្លានេះពិតជាបានផ្តល់នូវលទ្ធផលគួរជាទីមោទនៈ ទាំងផលចំពោះមុខដល់យោធិននិងក្រុមគ្រួសារ និងផលយូរអង្វែងជូនដល់អង្គភាព និងសង្គមជាតិ៕

ដោយ​៖ សហការី​


ចែករំលែក៖