ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូក្រុមមិត្តភាពសភារ៉ូម៉ានី-កម្ពុជា អញ្ជើញចាកចេញពីព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ឆ្ពោះមកកាន់រាជធានីភ្នំពេញ

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា លើទឹកដីប្រវត្តិសាស្ត្រសៀមរាបរយៈពេល២ថ្ងៃ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ លោក Nicu Nita ប្រធានក្រុមមិត្តភាពសភារ៉ូម៉ានី-កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីព្រលានយន្ត​ហោះអន្តរជាតិខេត្តសៀមរាប ឆ្ពោះមកកាន់រាជធានីភ្នំពេញ។ ដំណើរចាកចេញរបស់គណៈប្រតិភូ បានជូនដំណើរដោយ លោក ឈឹម ម៉ា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាសមាជិកក្រុមមិត្តភាពសភាកម្ពុជា-រ៉ូម៉ានី និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប។ 

គួររំលឹកថា គណៈប្រតិភូក្រុមមិត្តភាពសភារ៉ូម៉ានី-កម្ពុជា បានអញ្ជើញមកដល់កម្ពុជា នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២១-២៦ ខែតុលា ឆ្នាំ២០២២។ 

ក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប និងបានទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។ 

តាមកម្មវិធីគ្រោងទុក លោក Nicu Nita នឹងចូលជួបសម្តែងការគួរសមជាមួយ​ លោស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា លោក ឈាង វុន ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-រ៉ូម៉ានី និងជួបសម្តែងការគួរសមជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕

ដោយ ៖ សហការី


ចែករំលែក៖